បិទផ្លូវជាតិលេខ៣ជាបណ្តោះអាសន្ន ខណ:ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ ទទួលរងប៉ះពាល់ទឹកជំនន់

0
14

(ចេញផ្សាយថ្ងៃ១៤.១០.២០)
ភ្នំពេញ៖ ខណៈដែលអភិបាលរាជធានីភ្នំពេញ កំពុងដឹកនាំបញ្ជាផ្ទាល់ដល់កម្លាំងចម្រុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅតាមដងស្ទឹងព្រែកត្នោតនោះ នៅម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាផ្ទាល់មកអភិបាលរាជធានីភ្នំពេញ ឲ្យបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើង ដោយសារទឹកជំនន់។
សូមបញ្ជាក់ថា ទោះស្ថិតនៅកណ្តាលរាត្រីក៏ដោយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននឹងកំពុងដឹកនាំបញ្ជាផ្ទាល់ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងលិច តាមដងស្ទឹងព្រែកត្នោត នាកណ្តាលអធាត្រថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០អា ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា នៅពេលនេះរាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្រ្គោះ ប្រជាពលរដ្ឋ ក្នុងនោះមានអូប័រ ២០-៣០គ្រឿង ព្រមទាំងរថយន្តធុនធំសម្រាប់ដឹកនាំជញ្ជូនសម្ភារៈ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here