អាកាសយានដ្ឋានទីក្រុង Mosul របស់ក្រុមរដ្ឋអិស្លាមធ្លាក់ចូលកណ្តាប់ដៃទាហានអ៊ីរ៉ាក់

0
96

កងទ័ពអ៊ីរ៉ាក់បានដណ្តើមគ្រប់គ្រងអាកាសយានដ្ឋានទីក្រុង Mosul នោះហើយ បន្ទាប់ពីក្រុមរដ្ឋអិស្លាមបានបោះបង់ចោលរត់យករួចខ្លួន ដោយសារចាញ់ក្នុងសមរភូមិ ។ នេះបើតាមប្រភពប៊ីប៊ីស៊ីផ្សាយកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ក្រុមរដ្ឋអិស្លាម IS នៅពេលនេះ កាន់តែចុះខ្សោយឥទ្ធិពលរបស់ខ្លួនហើយ ។ ពួកគេនៅគ្រប់គ្រងបានតែបំណែកទឹកដីភាគខាងលិចទីក្រុង Mosul តែប៉ុណ្ណោះ ហើយកងកម្លាំងយោធាអ៊ីរ៉ាក់ នឹងតាមកម្ចាត់ពួកគេបន្តបន្ទាប់ទៅទៀត ។

ប្រតិបត្តិការប្រយុទ្ធបានធ្វើឡើងរយៈពេល៤ម៉ោង ។ កម្លាំងឧទ្ទាមរដ្ឋអិស្លាម នៅបន្តបាញ់កាំភ្លើងត្បាលមកលើទីឋានអាកាសយានដ្ឋាន និងបានចូលមកទីតាំងជិតបន្ទាយទាហានអីរ៉ាក់ផងដែរ នេះតាមការបញ្ជាក់ពីអ្នកនាំពាក្យយោធា ។

កាលពីខែកន្លងមកនេះ កងទ័ពអីរ៉ាក់ដណ្តើមបានកាន់កាប់តំបន់ខាងកើតទីក្រុង Mosul ។

ផ្លូវសម្រាប់យន្តហោះរត់នៅក្នុងអាកាសយានដ្ឋាននេះ ត្រូវក្រុមរដ្ឋអិស្លាមជីហាដនិយមបំផ្លាញអស់ ។ ប៉ុន្តែទោះបីយ៉ាងណា ភ្នាក់ងារប៊ីប៊ីស៊ីអះអាងថា នៅមានតម្លៃប្រើការបាន ។ វាជាបំណែកមូលដ្ឋានដ៏ធំធេង ហើយពេលដែលកងទ័ពអ៊ីរ៉ាក់គ្រប់គ្រងអាកាសយានដ្ឋាននេះ ក៏ធ្វើឲ្យសុវត្ថិភាពដល់ផ្លូវឆ្ពោះទៅកាន់ភាគខាងត្បូង និងភាគខាងលិចទីក្រុង Mosul ផងដែរ ។

មុនពេលកងទ័ពថ្មើរជើងអីរ៉ាក់ចូលដល់មូលដ្ឋានអាកាសយានដ្ឋានខាងលើ គឺកងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកបានប្រតិបត្តិការជួយវាយប្រហារពីលើដែនអាកាសទាំងកណ្តាលយប់អធ្រាត្រ ហើយតាមភ្នាក់ងារដដែលនិយាយថា មេបញ្ជាការកងទ័ពអីរ៉ាក់ម្នាក់បានបាត់បង់ជីវិតដោយសារតែផ្ទុះគ្រាប់បែក ដែលក្រុមរដ្ឋអិស្លាមលួចបង្កប់នៅតាមដងផ្លូវ ។

អាកាសយានដ្ឋាន និងបន្ទាយយោធា al Ghazlani មានទីតាំងស្ថិតនៅជាយក្រុងភាគខាងត្បូងក្រុង Mosul និងនៅភាគខាងលិច ទន្លេ Tigris ។

កងទ័ពអីរ៉ាក់រាប់ពាន់នាក់ ប្រដាប់ដោយយោធូបករណ៍ច្រើនប្រភេទបានចេញប្រតិបត្តិការសមរភូមិទិសដៅរំដោះទីក្រុងMosul ទាំងមូលពីកណ្តាប់ដៃខ្មាំងរដ្ឋអិស្លាមIS ។

ខិតបណ្ណជាច្រើនបានទម្លាក់ឲ្យប្រជាពលរដ្ឋបានដឹងជាមុនអំពីការវាយប្រហារទីតាំងខាងលើនេះ ហើយដែលបង្កលំបាកផងដែរក្នុងសមរភូមិ ដោយសារតែប្រជាពលរដ្ឋរស់នៅច្រើន ។
អង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភពីសុខុមាលភាពប្រជាពលរដ្ឋដែលជាប់គាំងនៅក្នុងទីប្រជុំជន ហើយបើតាមរបាយការណ៍ថា មានប្រមាណ៦៥០០០០នាក់ ។ ប្រជាពលរដ្ឋនៅជុំវិញទីក្រុងនេះបានភៀសខ្លួនប្រមាណ១៦០.០០០នាក់ ។ ភាគច្រើនអ្នកស្លាប់នៅទីក្រុងMosul កាលពីចុងខែមករា ឆ្នាំ២០១៧កន្លងមកនេះ ជាងពាក់កណ្តាលជាជនស៊ីវិល ។

ស្ពានដែលឆ្លងកាត់ទន្លេ Tigris ទៅកាន់ភាគខាងកើត និងខាងលិចទីក្រុង Mosul នោះត្រូវកម្ទេចចោលដោយសារការាយប្រហារពីលើដែនអាកាស ។

ក្រុមជីហាដនិយម នៃរដ្ឋអិស្លាម បានគ្រប់គ្រងទីក្រុងMosul ក្នុងឆ្នាំ២០១៤ អំឡុងពេលពួកគេទន្ទ្រានទឹកដីឆ្ពោះទៅកាន់ភាគខាងជើង និងភាគខាងកើតទឹកដីរបស់អ៊ីរ៉ាក់នោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here