ក្រោយបាតុកម្មហិង្សា ប៉ារ៉ាហ្គាយដកតួនាទីរដ្ឋមន្ត្រីមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ

0
177

ប្រធានាធិបតីប្រទេសប៉ារ៉ាហ្គាយ(Paraguay) លោក Horacio Cartes បានប្រកាសដកតួនាទីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ក្រោយបាតុកម្មហិង្សាកាលពីថ្ងៃទី៣១ ខែមីនា ប្រឆាំងនឹងច្បាប់ដែលអាចធ្វើឲ្យប្រធានាធិបតីប្រទេសនេះនៅបន្តដឹកនាំប្រទេសអាណត្តិទី២នោះ ។

ក្រុមបាតុករបានឡោមព័ទ្ធអគាររដ្ឋសភា និងបានដុតភ្លើងបង្កឲ្យមានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង ។ អាជ្ញាធរបានចាប់ខ្លួនប៉ូលិស៤នាក់ក្រោយបាតុករម្នាក់ឈ្មោះ Rodrigo Quintana ត្រូវបានសម្លាប់ ។

ថ្នាក់ដឹកនាំនយោបាយក្នុងប្រទេសនេះ កាលពីថ្ងៃទី១ ខែមេសា បាននាំគ្នាគោរពវិញ្ញាណក្ខន្ធបាតុករដែលបានបាត់បង់ជីវិតក្នុងអំឡុងពេលធ្វើបាតុកម្ម ។ សាកសពបាតុកររូបនេះត្រូវបានតម្កល់ទុកនៅស្នាក់ការកណ្តាលគណបក្សសេរីភាព ដែលជាគណបក្សប្រឆាំង នៅក្នុងរដ្ឋធានី Asuncion ។

ក្រុមប្រឆាំងបានថ្កោលទោសចំពោះករណីស្លាប់បាតុករម្នាក់នេះ និងបានទាមទារឲ្យមានការស៊ើបអង្កេត ។ បាតុករប្រមាណ២០០នាក់ត្រូវបានចាប់ឃុំខ្លួន ប៉ុន្តែភាគច្រើនត្រូវដោះលែងវិញហើយ ។

សមាជិកព្រឹទ្ធសភា២៥រូបបានប្រជុំសម្ងាត់ ហើយយល់ព្រមឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញមួយ ជាហេតុធ្វើឲ្យក្រុមបាតុករនាំគ្នាធ្វើបាតុកម្មប្រឆាំងការសម្រេចចិត្តនេះ នៅតាមដងផ្លូវនានាតែម្តង ។

ប្រទេសប៉ារ៉ាហ្គាយត្រូវបានគ្រប់គ្រងដោយរបបយោធានៃឧត្តមសេនីយ៍ Alfredo Stroessner ដែលដណ្តើមអំណាចដោយការធ្វើរដ្ឋប្រហារមួយរួចឡើងដឹកនាំប្រទេសតាំងពីឆ្នាំ១៩៥៤រហូតដល់ឆ្នាំ១៩៨៩ ។

រដ្ឋធម្មនុញ្ញនាពេលបច្ចុប្បននេះ បង្កើតឡើងក្នុងឆ្នាំ១៩៩២ ក្រោយពីបញ្ចប់របបដឹកនាំផ្តាច់ការរបស់យោធា ដោយកំណត់ថា ប្រធានាធិបតីមានសិទ្ធិដឹកនាំប្រទេសតែមួយអាណតិ្តរយៈពេល៥ឆ្នាំប៉ុណ្ណោះ ។

ក្រុមបាតុករខឹងសម្បាថា ការកែប្រែរដ្ឋធម្មនុញ្ញថ្មីនេះ អាចនាំឲ្យលោកប្រធានាធិបតី Cartes ចៀសផុតពីការអនុវត្តច្បាប់ដឹកនាំប្រទេសតែ១អាណត្តិនោះ ហើយរៀបចំបោះឆ្នោតដឹកនាំប្រទេសសារជាថ្មីថែមមួយអាណត្តិទៀត ។

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង លោក Desiree Masi បានហៅការ ការសម្រេចនោះថាជាទង្វើរដ្ឋប្រហារ និងបានអំពាវក្រុមគាំទ្ររបស់ខ្លួនក្រោកឈរឡើងប្រឆាំងតវ៉ា ។

ច្បាប់ថ្មីនោះ ក៏ត្រូវការសម្រេចយល់ព្រមពីរដ្ឋសភា ដែលគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Carte មានសំឡេងភាគច្រើននៅក្នុងនោះផងដេឬ ។ អាណតិ្តដឹកនាំរបស់លោក Carte ត្រូវបញ្ចប់តាមរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ២០១៨ ៕

ប្រធានាធិបតីប្រទេសប៉ារ៉ាហ្គាយ លោក Horacio Cartes

LEAVE A REPLY

Please enter your comment!
Please enter your name here