ក្រុមតាលីបង់វាយប្រហារចូលបន្ទាយយោធាអាហ្វហ្គានីស្ថានស្លាប់កើន១៣០នាក់

0
86

ភាគច្រើនជាទាហានរដ្ឋាភិបាលបានបាត់បង់ជីវិតកើនឡើងជាង១៣០នាក់ហើយ មកទល់ពេលនេះ ក្នុងករណីក្រុមឧទ្ទាមតាលីបង់វាយប្រហារចូលទៅកាន់បន្ទាយយោធាអាហ្វហ្គានីស្ថានមួយកន្លែងនោះ ។

ការវាយប្រហារបានកើតមានជាច្រើនម៉ោងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ (ពេលវេលាក្នុងតំបន់) នៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Mazar-e-Sharif ភាគខាងជើងខេត្ត Balkh ប្រទេសអាហ្វហ្គានីស្ថាន ។

ក្រុមឧទ្ទាមតាលីបង់វាយប្រហារគោលដៅទៅលើជនទាំងឡាយដែលទើបចេញពីព្រះវិហារបួងសួងស្ថិតនៅក្នុងបន្ទាយយោធា ព្រមទាំងទីកន្លែងអាហារដ្ឋានមួយកន្លែងផ្សេងទៀត ។ នេះបើតាមប្រភពព័ត៌មានពីកម្លាំងយោធា ។

ក្រុមឧទ្ទាមតាលីបង់បានប្រកាសព័ត៌មានថា បានវាយប្រហារ ដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតដើម្បីបំបែករនាំងការពារ ។ ប្រភពព័ត៌មានក្នុងតំបន់បានប្រាប់ប៊ីប៊ីស៊ីថា ជនរងគ្រោះបាត់បង់ជីវិតអាចកើនឡើងច្រើនជាងនេះ ។

យ៉ាងហោចណាស់ក្រុមឧទ្ទាមតាលីបង់ប្រមាណ១០នាក់បានស្លាប់ក្នុងការវាយប្រហារនេះ រីឯម្នាក់ទៀតត្រូវចាប់ឃុំខ្លួន ។

អ្នកនាំពាក្យយោធាអាហ្វហ្គានីស្ថានបានថ្លែងថា សកម្មប្រយុទ្ធតាលីបង់បន្លំខ្លួនដោយស្លៀកពាក់ឯកសណ្ឋានទាហានឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ មុនពេលបើកការវាយឆ្មក់ ។

សូមបញ្ជាក់ថា កាលពីខែមុន មនុស្សប្រមាណ៥០នាក់បានស្លាប់ ខណៈដែលគេជឿជាក់ថា ក្រុមឧទ្ទាមរដ្ឋអិស្លាមIS បានវាយប្រហារចូលទៅកាន់មន្ទីរពេទ្យយោធាមួយកន្លងក្នុងទីក្រុងកាប៊ូល ដោយប្រើកាំភ្លើង គ្រាប់បែក និងកាំបិតប្រហារទៅលើអ្នកជំងឺ និងបុគ្គលិកពេទ្យតែម្តង ។

កាលពីខែមីនា ឆ្នាំ២០១៧ផងដែរ ក្រុមឧទ្ទាមតាលីបង់បាននិយាយថា ពួកគេបានដណ្តើមគ្រប់គ្រងស្រុក Sangin ភាគខាងត្បូងអាហ្វហ្គានីស្ថាន ក្រោយប្រយុទ្ធស្លាប់រស់ជាមួយកងទ័ពរដ្ឋាភិបាលច្រើនឆ្នាំកន្លង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here