ដូណាល់ ត្រាំចាត់ទុកជាមោទនភាព ប្រសិនបើបានជួបពិភាក្សាជាមួយ គីម ជុងអ៊ុន

0
207

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានប្រកាសបង្កឲ្យមានភាពភ្ញាក់ផ្អើល ដោយលោកប្រកាសថា នឹងជួបពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុន ប្រសិនបើ មានលក្ខណៈគ្រប់គ្រាន់នោះ ។

តាមការប្រកាសខាងលើ របស់លោកត្រាំ កើតឡើង ក្នុងពេលដែលស្ថានភាពនៅឧប្បទ្វីបកូរ៉េកាន់តែតានតឹង ពាក់ព័ន្ធ សកម្មភាពបរមាណូ និងសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជា សកម្មភាពយោធារបស់អាមេរិកនៅក្នុងតំបន់ជាដើម ។

ដោយឆ្លើយតប់និងបទសម្ភាស៍របស់បណ្តាញព័ត៌មាន Bloomberg បានបញ្ជាក់ថា ប្រធានាធិបតីត្រាំ បញ្ជាក់យ៉ាងច្បាស់ថា «ប្រសិនបើមានលក្ខណៈគ្រប់គ្រាន់ សមស្រប យើងនឹងជួបពិភាក្សាជាមួយ មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ។ ខ្ញុំចាត់ទុកជាមោទនភាព ប្រសិនបើមានរឿងនោះកើតឡើង» ។

តាមការប្រកាសខាងលើរបស់លោកត្រាំ កើតឡើងក្នុងពេលដែល ភាពតានតឹងកាន់តែខ្លាំងឡើង រវាងអាមេរិក នឹង កូរ៉េខាងជើង ដោយសារតែសកម្មភាពធ្វើសមយុទ្ធរបស់អាមេរិក និងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងបន្តបន្ទាប់ ។

គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងមកទលពេលនេះ លោកត្រាំបានបញ្ជាក់ថា នឹងមិនអនុញ្ញាតឲ្យទីក្រុងព្យុងយ៉ាង អភិវឌ្ឍន៍អាវុធបរមាណូ មីស៊ីលដែលវាយប្រហារដល់ទឹកដីអាមេរិកឡើយ ។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងព្យុងយ៉ាងចាត់ទុកសកម្មភាពរបស់អាមេរិកនៅក្នុងតំបន់ជាសកម្មភាព «ជំរិតទារលុយ និងចេញឧស្សានុវាទដល់កូរ៉េខាងជើង» ។ ការជំរិតទារប្រាក់ដែលទីក្រុងព្យុងយ៉ាងលើកឡើងនោះ គឺសម្តៅទៅលើការទារប្រាក់១ពាន់លានដុល្លារ ពីកូរ៉េខាងត្បូង ពីការដាក់មីស៊ីលការពាររបស់អាមេរិកនៅក្នុងទឹកដីកូរ៉េខាងត្បូងនោះ ។

ការប្រកាសខាងលើរបស់លោកត្រាំ ក្រោយពេលដែល លោកបានសរសើរ មេដឹកនាំវ័យក្មេងកូរ៉េខាងជើង ជាមនុស្ស «ឆ្លាត» ។ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបញ្ជាក់ថា លោកក៏មិនដឹង ថា មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន មានការគិតត្រឹមត្រូវដែរឬទេ ប៉ុន្តែលោកត្រាំបញ្ជាក់ថា លោកគីម ជុងអ៊ុន ពិតជាត្រូវប្រឈមមុខនឹងបញ្ហា យ៉ាងច្រើន ក្នុងពេលដែលឡើងដឹកនាំប្រទេស ក្នុងអាយុ២៧ឆ្នាំ ក្រោយឪពុកទទួលមរណភាពនៅឆ្នាំ២០១១កន្លងមកនោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here