លោកផ្កាយ៣ អោក សៀង ដាក់​គ្រឿងចក្រ​​ឈូស​កម្ទេចរបាំង​ជញ្ជាំង​ថ្មអម​សងខាង​ផ្លូវ​កៅស៊ូអម​សងខាង​ស្ពាន​ព្រែក​សំរោង

0
210

ភ្នំពេញ:  ពិតជាថ្លើមធំមែនដែលលោកផ្កាយ៣ អោក សៀង បានដាក់​គ្រឿងចក្រ​មួយគ្រឿង​ទៅ​ឈូស​កម្ទេចចោលរបាំង​ជញ្ជាំង​ថ្ម​យ៉ាងរឹងមាំ នៅ​អម​សងខាង​ផ្លូវ​កៅស៊ូ អម​សងខាង​ស្ពាន​ព្រែក​សំរោង ដែល​ស្ថិតនៅក្នុង​ទឹកដី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ដែលជា​សមិទ្ធផល​អំណោយ ពី​ប្រទេស​ចិន ជួ​យមក​ប្រទេស​កម្ពុជា​នោះ ថ្មីៗ​នេះ ទោះបី​អាជ្ញាធរ​សង្កាត់ព្រែកសំរោង និងខណ្ឌ​ច្បារអំពៅ ទៅ​ហាមឃាត់ ច្រើនលើកក៏ដោយក៏មិន​ព្រមស្ដាប់​ឡើយ​។

លោក​អភិបាលខណ្ឌ​ច្បារអំពៅ បានឱ្យដឹងថា​៖ រឿង​ខាងលើនេះ រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ និង​សង្កាត់​ព្រែក​ថ្មី​បាន​ទៅ​ហាមឃាត់​ចំនួន ២​ដង​ហើយ តែ​ឧកញ៉ា​ម្នាក់​នោះ មិន​ស្ដាប់​ទេ ដោយ​គាត់ អះអាងថា​៖ មានការ​អនុញ្ញាត ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យ​គាត់​ឈូស​ចោល​របាំង​ថ្ម ខាងលើនេះ​។

​ជាមួយគ្នានេះដែរ លោក លីវ វណ្ណ​ថេ​ង ចៅសង្កាត់​ព្រែក​ថ្មី បានឱ្យដឹងថា “​នេះ​ជា​សមិទ្ធផល​ជំនួយ​ពី​ប្រទេស​ចិន ក្នុងការ​ស្ថាបនា​របាំង​ថ្ម ការពារ​ផ្លូវ​នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង​នេះ ត្រូវបាន​ឧកញ៉ា​ម្នាក់នេះ ដាក់​គ្រឿងចក្រ ឈូស​បំផ្លាញចោល គឺ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន តែប៉ុណ្ណោះ​។ ដូចនេះ សូម​ថ្នាក់លើ ចុះមក​ពិនិត្យមើល​ផង ព្រោះ​អី មហាជន​ទូទៅ ពេល​ឃើញ​ឧកញ៉ា គាត់​វាយបំផ្លាញ​សមិទ្ធផល ដែលជា​អំណោយ​ពី​ប្រទេស​ចិន​នេះ គឺ​ពួកគាត់​មានការ​សោកស្ដាយ​ណាស់ ហើយ​ម្យ៉ាងទៀត បើ​ប្រទេស​ម្ចាស់ជំនួយ គាត់​បានឃើញ​វិញ​នោះ មិនដឹង​ជា​ស្ដាយស្រណោះ យ៉ាងណា​នោះទេ ចំពោះ​រឿងនេះ​”​។

​លោក​ចៅសង្កាត់​ព្រែក​ថ្មី បាន​និយាយទៀតថា “​នៅពេល​ឯកឧត្ដម ឧកញ៉ា ខាងលើនេះ គាត់​ដាក់​គ្រឿងចក្រ ឈូស​របាំង​ថ្ម​ការពារ​ផ្លូវ​កៅស៊ូ នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង​នេះ គឺ​អាជ្ញាធរ​សង្កាត់ បាន​ចុះទៅ​ហាមឃាត់ ៣​ទៅ​៤​ដង​មកហើយ តែ​លោក​ឧកញ៉ា​នោះ គាត់​មិន​ស្ដាប់​សោះឡើយ ដោយ​និយាយថា ខាង​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ និង​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ និង​ក្រសួង​សាធារណការ បានចេញ​លិខិត និង​ចេញមុខ​កាង​អោយ វ៉ៃ​របាំង​ថ្ម​នេះ​ចោល ដើម្បី​រៀប​ការ៉ូឡា​វិញ​”​។​

​លោក​ចៅសង្កាត់ បន្តទៀតថា “​លោក​ឧកញ៉ា​នោះ មិនដឹង​ជា​អាង​អី​នោះទេ មិន​ត្រឹម​វាយបំផ្លាញ របាំង​ថ្ម​ការពារ​កៅស៊ូ នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង​ប៉ុណ្ណោះ​ទេ ថែមទាំង​ដាក់​គ្រឿងចក្រ កាប់​កាយ​បំផ្លាញ​ផ្លូវ​កៅស៊ូ​លេខ​១១០ ដាក់លូ​បង្ហូរទឹក ចូល​ទន្លេបាសាក់ ថែមទៀត​ផងដែរ​”​។

​តែ​នៅថ្ងៃនេះ មិនទាន់មាន​សកម្មភាព ដាក់​គ្រឿងចក្រ ចុះទៅ​វ៉ៃ​របាំង​ថ្ម​ចោល​ទៀត​នោះទេ តែ​លោក រស់ សុភ័ក្ត្រ អភិបាលរងខណ្ឌ​ច្បារអំពៅ បាន​និយាយ​ប្រាប់ថា ចំពោះ​ករណី​ឧកញ៉ា​ខាងលើ វ៉ៃ​បំផ្លាញ​របាំង​ថ្ម​នោះ ខាង​ខណ្ឌ​ចុះទៅ​ហាមឃាត់​ហើយ តែ​មិនទាន់​ដឹងថា មាន​វិធានការ យ៉ាងណា​នោះទេ ចំពោះ​រឿងនេះ ព្រោះ​អី​ខាង​ក្រសួង ចេញ​លិខិត​នៅក្នុង​រឿងនេះ​??​។

ចំណែកលោកសំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ក្រុងភ្នំពេញ បាន​និយាយថា លោក​អត់​ដឹង​ទេ ដោយ​ការងារ​ខាងលើនេះ គ្រប់គ្រង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

​ពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ ក៏ដូចជា នៅក្រៅ​តំបន់​ស្ពាន​ព្រែក​សំរោង បាន​និយាយ​ក្នុងន័យ​តែមួយ​ថា ឧកញ៉ា​ម្នាក់​នោះ កំពុងតែ​បំផ្លាញ​ទំនាក់ទំនង​មិត្តភាព សហ​ប្រ​ត​តិ​ប​ត្តិ​ការ រវាង​កម្ពុជា និង​ចិន តាមរយៈ​ទង្វើ របស់ខ្លួន​បែបនេះ​។ ពលរដ្ឋ កំពុង​រង់ចាំ​មើល​តើ​ថ្នាក់លើ​ចាត់វិធានការ យ៉ាងណា ចំពោះ​លោក​ឧកញ៉ា វ៉ៃ​បំផ្លាញ​សមិទ្ធផល ដែលជា​អំណោយ​ពី​ប្រទេស​ចិន ក្នុងការ​សាងសង់ របាំង​ថ្ម​ការពារ​ផ្លូវ​នៅ​អម​សងខាង​ស្ពាន​ព្រែក​សំរោង​នេះ​​។

គេហទំព័រ មិនអាចសុំ​ការបំភ្លឺ ពី​លោក​ឧកញ៉ា​ខាងលើនេះ បានទេ ពាក់ព័ន្ធ​នឹង​ករណី​វាយកំទេច​របាំង​ថ្ម​ធ្វើឲ្យមានប្រតិកម្យ៉ាងធ្ងន់ធ្ងរនេះ៕ អូន ធួក

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here