កម្លាំងមួកខៀវរបស់កម្ពុជា ២១៦ នាក់ធ្វើមាតុភូមិនិវត្តដោយជោគជ័យនាព្រឹកនេះ

0
210

ភ្នំពេញៈកងវិស្វកម្មកម្លាំងមួកខៀវកម្ពុជាចំនួន២១៦ នាក់ ដែលទៅចូលរួមបំពេញ​បេសកកម្ម​របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នៅចុងឆ្នាំ២០១៦ កន្លងទៅ បានត្រឡប់មកដល់ មាតុប្រទេសវិញប្រកបដោយជោគជ័យ នាព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅព្រលានយន្តហោះ យោធា ពោធិចិនតុង ។

ក្នុងពិធីទទួលកងកម្លាំងវិស្វកម្មមួកខៀវកម្ពុជា ចំនួន ២១៦ នាក់ បានធ្វើមាតុភូមិនិវត្តន៍វិញ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមន្រី្តយោធា​ពាក់ព័ន្ធជាច្រើននាក់ទៀត។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឲ្យដឹងថាកម្លាំងមួកខៀវទាំង២១៦ នាក់ ដែលបាន​វិល​មកកម្ពុជា​វិញនេះ គឺបានបំពេញការងារទទួលបានជោគជ័យ និងមានការទទួលស្គាល់ពីស្នា​ដៃរបស់កម្ពុជា ដែលបានបំពេញការងាររយៈពេល១ឆ្នាំនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល ។ កម្លាំងវិស្វ័កម្មនេះ គឺបានកសាងផ្លូវថ្នល់ ស្ពាន សាលារៀន អណ្តូងទឹក និងសំណង់ផ្សេងៗ​ជាច្រើនទៀត ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បន្តថា “រាជរដ្ឋាភិបាល កម្ពុជាបានបង្ហាញ​ពីចក្ខុវិស័យ​របស់​ខ្លួន ក្នុងគោលដៅនិរន្តភាពនៃការអភិវឌ្ឍន៍ថ្មី នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅបណ្តាប្រទេសចំនួន៨ ដោយប្តេជ្ញាយ៉ាងមុតមាំលើវិស័យរក្សាសន្តិភាព ក្នុងការចូលរួម​បំពេញ​បេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបន្តវិភាគទានរួមចំណែក​ជាមួយ​សហគមន៍​​អន្តរជាតិ”៕ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here