វះស៊ីទែនរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ផ្អើលឈុលឃើញសុទ្ធតែឈើគ្រញូងពេញស៊ីទែន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានភ្ញាក់ខ្លួនព្រើតកាលបើបានវះស៊ីទែន​នៅលើរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងឃើញ​សុទ្ធតែ​ឈើ​គ្រញូង​ពេញ​ស៊ីទែន បន្ទាប់ពី​រថយន្ត​ដឹក​ស៊ីទែន​មួយគ្រឿងនេះខូច​ទុកចោលលើ​ចិញ្ចើម​ផ្លូវមិនដាក់សញ្ញាសម្គាល់ធ្វើឲ្យ​អ្នកបើកម៉ូតូបុកពីក្រោយស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ជាង​៧​ខែ​មកហើយគ្មាន​អ្នក​ចូល​ដោះស្រាយ។

ការភ្ញាក់ផ្អើលនេះកើតឡើង ​នៅ​ល្ងាច​ថ្ងៃសុក្រ៣កើត ខែ មាឃ ឆ្នាំរកា ស័ពស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ​។ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យលោក​វ​រ​សេនីយ៍​ឯក សន គឹ​ម​សួរ ​បាន​ប្រាប់​ឲ្យដឹងថា​ កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ មាន​គ្រោះថ្នាក់​ចរាចរណ៍មួយ​បាន​កើតឡើង​បង្ក​ដោយ​រថយន្ត ដឹក​ស៊ីទែន​ប្រេងឥន្ធនៈ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0213 ខូច​ហើយ​ចត​ចោល​នឹង​ចិញ្ចើម​ផ្លូវ​ពេល​យប់ គ្មាន​ដាក់​ស្លាក​សញ្ញា​ត្រូវ​បាន​អ្នក​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​២​នាក់​ជិះ​បុក​ពីក្រោយ​បណ្តាល​ស្លាប់​ម្នាក់ នៅ​នឹង​កន្លែង រីឯ​ម្នាក់​ទៀត​របួសធ្ងន់។ពេលនោះ​អ្នក​បើកបររថយន្តនេះ​បាន​រត់គេច​ខ្លួន​បាត់​ត្រូវ​បាន​កម្លាំង​នគរបាលចរាចរផ្លូវ​គោក ខេត្តបន្ទាយមានជ័យ​ វាស់វែង ហើយ​យក​មក​រក្សា​ទុក​នៅ​ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ​។

លោក​សន គឹ​ម​សួរ បាន​បញ្ជាក់​តៀតថា ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ​យក​រថនេះទៅ​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត ស៊ីទែន​សាំង​ចូល​មក​ដោះស្រាយ​តែ​មិនឃើញ​ចូលខ្លួនទេ គឺ​ទុក​រហូត​ជាង​៧​ខែ ហើយនៅថ្ងៃ១៩មករានេះ ដោយ​សង្ស័យថា​រថយន្តនេះ​ផ្ទុក​ទំនិញ ល្មើស​ច្បាប់ទើបលោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ បាន​ឲ្យ​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ដោយ​មាន​វត្តមាន​លោក តេ​ង សម័យ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត និង​មន្ត្រី​អយ្យការ និង​កម្លាំង​នគរបាល​ជំនាញ​បាន​វះកាត់ ស៊ីទែន​សាំង​ត្រួតពិនិត្យ ស្រាប់តែភ្ញាក់ផ្អើលដោយ​ឃើញមាន​សុទ្ធតែ​ឈើ​គ្រញូង​ពេញ​ស៊ីទែន​សាំងតែម្តង​។

ក្រោយ​ពេល​ដែល​គណៈ​ក​ម្មា​ការ​ត្រួតពិនិត្យ​ឃើញ​ឈើ​គ្រញូង​ក្នុង​ស៊ីទែន​សាំង​ពេញ ហើយ​ត្រួតពិនិត្យ​ជំហាន​ដំបូង រក​ឃើញ​ឈើ​គ្រញូង​ចំនួន​៣៥៥​ដុំ ១​ដុំ​មាន​ទម្ងន់​១​គីឡូក្រាម​ទៅ​១​គីឡូក្រាម​កន្លះ​ ហើយដោយ​ពេល​ល្ងាច​ពេកពិនិត្យមិនទាន់ទើបគណៈ​ក​ម្មា​ការ​បាន​ផ្សារ​បិទ​ស៊ីទែន​វិញនិងរង់ចាំរើ​បន្ត​នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៨ ដើម្បីយកឈើទាំងអស់នេះ​ដឹក​ទៅ​រក្សា​ទុក​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ រង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *