អ្នកប្រឌិតព័ត៌មានបោកប្រាស់ ដើម្បីបំផ្លាញការបោះឆ្នោត ប្រឈមនឹងទោសព្រហ្មទណ្ឌ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ  ឆ្នាំ២០១៨នេះ បានលើកឡើងថា អ្នកប្រឌិតព័ត៌មានទាំងឡាយ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត នឹងត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ ដោយ លោកបានពន្យល់ថា ការប្រឌិតព័ត៌មានក្លែងក្លាយទាំងឡាយ ដើម្បីភូតកុហកប្រជាពលរដ្ឋ រារាំងដល់ការបោះឆ្នោតខាងមុខនេះ ក្នុងនោះមានទាំងករណីទឹកខ្មៅជាដើម ត្រូវមានទោសព្រហ្មទណ្ឌ ដែលទោសនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារផងដែរ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានព្រមានផងដែរចំពោះអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាត ដោយថានឹងប្រឈមចំពោះច្បាប់បោះឆ្នោត ហើយផាកពិន័យដោយគ.ជ.ប។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្នាក់ងារគណបក្សនយោបាយនានា ដាក់ពាក្យប្តឹងចំពោះជនណាដែលធ្វើយុទ្ធនាការម្រាមដៃស្អាត ក្នុងចេតនារារាំងដល់ការ​បោះឆ្នោត។

ពាក់ព័ន្ធនឹងការប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីរារាំងដល់ការបោះឆ្នោតនេះផងដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មាន​ប្រឌិតនានា ដែលនាំឱ្យពលរដ្ឋមិនហ៊ានចេញទៅបោះឆ្នោត គឺជាសកម្មភាពបង្កភាពវឹកវរដល់​សន្តិសុខសង្គម។

លោកថ្លែងយ៉ាងដូច្នេះថា៖ «សកម្មភាពខាងលើនេះ ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ ប្រឈមនឹងការផ្តន្នាទោសដាក់ពន្ធនាគារពី៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល តាមបញ្ញត្តិមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ!»

សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ប្រព្រឹត្តទៅ រយៈពេលតែ១ថ្ងៃគត់គឺ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *