តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំឡើយ

ខេត្តត្បូងឃ្មុំ៖​ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាននៃ​អតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល៦ខែទៀតតាមនីតិវិធី ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ។

ការបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយបានធ្វើឡើង នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨  ដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។ មេធាវីទាំង០៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏មានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ ដើម្បីសម្រេចថា ពន្យារពេលឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀតបន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់ ដោយសារតែកាលពីខែមីនា ឆ្នាំ២០១៨នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តងរួចទៅហើយ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។

សូមបញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីអាធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​ បន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *