កុំបាច់ផ្ញើសារសុំចរចារទេ ប្រយ័ត្នរន្ទះបាញ់ !

ប៊ែលហ្សិក៖សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅទណ្ឌិត សម រង្ស៊ី ថា កុំផ្ញើសារសុំចរចារជាមួយសម្ដេចឲ្យសោះ ព្រោះសម្ដេចគ្មានផ្លូវចរចាជាមួយនោះទេ ហើយប្រសិនបើនៅតែបន្ដសុំចរចាទៀតប្រយ័ត្នត្រូវរន្ទះបាញ់ស្លាប់។

សម្តេចតេជោថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេច ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុប ប្រមាណជាង១,០០០នាក់ នាទីក្រុងប្រ៊ុចសែល នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ទណ្ឌិតដែលកំពុងរត់ចោលស្រុករូបនេះ តែងតែផ្ញើសារមកសុំចរចាជាមួយសម្ដេច ហើយបែរជាស្រែកតាំងខ្លួន ប្រកាសមិនចរចាជាមួយសម្ដេចទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «​ខ្ញុំសូមផ្ដាំទៅវិញ គេ​ថា​គេឈប់ចរចាជាមួយ ហ៊ុន សែន សូមទោស! ខ្ញុំសុំឲ្យអ្នកកត់ត្រាឲ្យបាន ហើយសម្ដីខ្លួនឯងថតទុកឲ្យជាប់ ហើយសូមអ្នកទាំងឡាយ ដែលមានបណ្ដាញសារព័ត៌មានផ្លូវខ្លួនកត់ត្រាឲ្យជាប់ មនុស្សហ្នឹង (សម រង្ស៊ី) បាននិយាយថាកុំចរចាជាមួយ ដោយគេប្រើពាក្យថា កុំចរចាជាមួយជនពាល កុំចរចាជាមួយរដ្ឋាភិបាល ហ៊ុន សែន»

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ទៀតថា «​អ្នកឯង (សម រង្ស៊ី) ទើបវាយ What’s app ទៅសុំដល់ជប៉ុនជួយដើម្បីចរចា មិចក៏អ្នកឯងឆាប់ភ្លេចមែស ហើយអ្នកឯងឧស្សាហ៍វាយចូលមក What’s app របស់ខ្ញុំណាស់អ្នកឯងឆាប់ភ្លេចមែស។ អ្នកឯងកុំសុំខ្ញុំចរចាទៀត បើអ្នកឯងសុំខ្ញុំចរចាទៀតឲ្យរន្ទះបាញ់»

សម្ដេចតេជោ ហ៊ុន សែន ដែលប្រកាសកាត់ដៃស្ដាំចោល ប្រសិនបើចុះហត្ថលេខាស្នើសុំលើកលែងទោសឲ្យ លោក សម រង្ស៊ី បានគូសបញ្ជាក់ថា អ្វីដែលសម្ដេចគួរខ្លាចនោះ គឺ​ខ្លាចទណ្ឌិត សម រង្ស៊ី ​សុំសម្ដេចដើម្បីចរចា ហើយត្រូវសម្ដេច​បដិសេធទើបគេថា សម្ដេចខ្វះសុច្ឆន្ទៈ ប៉ុន្ដែពេលនេះ​លោក សម រង្ស៊ី ខ្លួនឯងប្រកាសថា មិនចរចាជាមួយសម្ដេចនោះ គឺជារឿងល្អបំផុតតែម្ដង។​

ថ្លែងដល់រឿងទាក់ទិនជាមួយទណ្ឌិត សម រង្ស៊ីរូបនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតគូសរំលេចថា សម្ដេចមិនដែលវាយប្រហារកូនរបស់លោក សម រង្ស៊ីនោះទេ ពោលមានតែកោតសរសើរ ប៉ុន្ដែហេតុអីបានជាលោក សម រង្ស៊ី តែងតែវាយប្រហារកូនៗរបស់សម្ដេចមិនឈប់ឈរបែបនេះ ហើយសម្ដេចចោទសួរថា តើគុណធម៌មេដឹកនាំនៅកន្លែងណា។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនដែលបន្ទោសបង្អាប់ កូនរបស់ សម រង្ស៊ីទេ ខ្ញុំតែសរសើរកូនរបស់ សម រង្ស៊ី ប៉ុន្ដែខ្ញុំអត់នឹកដល់ថា សម រង្ស៊ី វៃប្រហារកូនរបស់ខ្ញុំទៅរួច។ ចឹងយើងអាចយល់បានអំពីគុណធម៌របស់មេដឹកនាំបានហើយ ខ្ញុំពិតជាសរសើរដោយស្មោះកូនរបស់ សម រង្ស៊ី ប៉ុន្ដែមិននឹកស្មាន់ថា សម រង្ស៊ី វាយប្រហារកូនរបស់ខ្ញុំ រាប់ទាំងប្រើ Page Facebook របស់សម រង្ស៊ី ខ្លួនឯងវៃកូនរបស់ខ្ញុំ អាចធ្វើទៅរួច?»

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទជាសំណួរថា ប្រសិនបើឪពុក និងឪពុកមិនត្រូវគ្នាទៅហើយ តើកូន និងកូនអាចឲ្យពួកគេរាប់អានគ្នាបានទេ ព្រោះសម្ដេចមិនចង់ឲ្យខ្មែរចងកម្ម ចងពារគ្នាតពូជនោះទេ ៕​ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *