គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងជាតំណាងប្រទេសកម្ពុជាថា កម្ពុជាទទួលយកមកអនុវត្តអនុសាសន៍UPR

0
40

ហ្សឺណែវ៖​ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងជាតំណាងប្រទេសកម្ពុជា លោក ជិន ម៉ាលីន បានធ្វើសេចក្តីថ្លែងការណ៍ពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងប្រកាសជាផ្លូវការក្នុងការទទួលយកមកអនុវត្តអនុសាសន៍UPR (ការត្រួតពិនិត្យជាសកលតាមកាលកំណត់) ចំនួន១៧៣ និងកត់សម្គាល់ចំនួន២៥ ក្នុងចំណោមអនុសាសន៍សរុបចំនួន១៩៨ ដែលផ្តល់ដោយរដ្ឋសមាជិកចំនួន៧៣ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៥ ខែកក្កដា ម្សិលមិញនេះ នៅទីក្រុងហ្សឺណែវ ្របទេសស្វីស ក្នុងកិច្ចប្រជុំលើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ។

លោក ជិន ម៉ាលីន ថ្លែងថា លោកក៏បានថ្លែងបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះផងដែរ អំពីមូលហេតុនៃការទទួលយក អនុសាសន៍ទាំង១៧៣ និងមូលហេតុនៃការកត់សម្គាល់អនុសាសន៍ទាំង២៥ ព្រមទាំងយន្តការនៃការដាក់ឱ្យអនុវត្តនិងតាមដានត្រួតពិនិត្យការអនុវត្តអនុសាសន៍ដែលទទួលយកទាំងអស់នោះ ក្នុងការការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ការទទួលយកអនុសាសន៍ដែលមានចំនួនច្រើន រហូតដល់១៧៣នេះ គឺដោយហេតុថា អនុសាសន៍ ទាំងនោះស្របទៅនឹងឆន្ទៈ ក៏ដូចជាគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល លើគ្រប់វិស័យក្នុងការការពារនិងលើកស្ទួយសិទ្ធិសេរីភាពរបស់ពលរដ្ឋ។ ចំណែកឯអនុសាសន៍ទាំង២៥ ដែលត្រូវធ្វើ ការកត់សម្គាល់វិញ គឺដោយហេតុថា អនុសាសន៍ទាំងនោះ មិនបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងឆ្លើយតបទៅនឹងស្ថានភាពពិតជាក់ស្តែងនៃការអនុវត្តសិទ្ធិសេរីភាពនៅកម្ពុជាឡើយ ហើយ ជាពិសេសអនុសាសន៍ទំាងនោះមិនអាចអនុវត្តបាន ដោយផ្ទុយទៅនឹងក្របខ័ណ្ឌច្បាប់ រួមមានរដ្ឋធម្មនុញ្ញ និងបទដ្ឋានគតិយុត្តផ្សេងៗទៀតដែលមានជាធរមាននៅកម្ពុជា ហើយត្រូវបានលើកឡើងក្រោមរូបភាព និងរបៀបវារៈនយោបាយ ជាជាងទិដ្ឋភាពបច្ចេកទេស និងគោលការណ៍គ្រឹះនៃការអនុវត្តសិទ្ធិនិងសេរីភាព ក្នុងសង្គមប្រជាធិបតេយ្យ។

បន្ទាប់ពីការអនុម័តជាផ្លូវការនូវរបាយការណ៍ UPRជុំទី៣សម្រាប់កម្ពុជាក្នុងកិច្ចប្រជុំនេះរួច គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងធ្វើការបែងចែកអនុសាសន៍ដែលទទួលយកទាំងអស់នេះ ជូនទៅគ្រប់ស្ថាប័នរដ្ឋដែលពាក់ព័ន្ធដើម្បីអនុវត្ត និងតាមដានត្រួតពិនិត្យការអនុវត្តរបស់ស្ថាប័នទាំងនោះ ដើម្បីរាយការណ៍ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិវិញ អំពីវឌ្ឍនភាពនៃការអនុវត្ត នាសម័យប្រជុំត្រួតពិនិត្យលើកទី៤ នៅ៤ឆ្នាំក្រោយ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយផងដែរក្នុង ពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយ ពិភាក្សា និងពិគ្រោះយោបល់ អំពីយន្តការនៃការអនុវត្តអនុសាសន៍ដែលទទួលយក ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវីលជាតិនិងអន្តរជាតិ ៕  ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here