ប្រទេសមហាអំណាច ប្រើប្រាស់និន្នាការឯកតោភាគីនិយម និងប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ

0
30

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៥ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ប្រទេសមហាអំណាចមួយចំនួន ដែលប្រើប្រាស់និន្នាការឯកតោភាគីនិយម និងកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងវិធានពហុភាគីនិយម។

សេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិរភាព និងវិបុលភាពរយៈពេលវែងបំផុត ក្នុងសម័យទំនើបនេះ ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិ បង្កើតឡើងក្នុងឆ្នាំ១៩៤៥នោះ កំពុងទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ព្រោះគុណតម្លៃជាមូលដ្ឋាន ដែលជាគ្រឹះនៃសណ្ដាប់ធ្នាប់នេះ ក៏ដូចជាគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ ត្រូវបានគេរំលោភបំពាន និងលែងគោរព។ ជាងនេះទៅទៀត និន្នាការឯកតោភាគីនិយម និងការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ កំពុងតែកើនឡើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងវិធានពហុភាគីនិយម។

សម្តេចបានថ្លែងបន្តថា នេះជាការពិតហើយសព្វថ្ងៃនេះ យើងកត់សម្គាល់ឃើញយ៉ាងប្រចក្ស (ច្បាស់លាស់) នូវការចុះខ្សោយនៃប្រព័ន្ធត្រួតពិនិត្យអាវុធអន្តរជាតិ និងការកើនឡើងយ៉ាងស្រួចស្រាលនៃហានិភ័យនុយក្លេអ៊ែរ។ យើងក៏សង្កេតឃើញមានការផ្លាស់ប្តូរដ៏គួរឱ្យភ័យព្រួយនៃគោលនយោបាយ និងលទ្ធិយោធានិយម ឆ្ពោះទៅរកទស្សនៈមួយដែលថាការបង្កើតសង្គ្រាម ដើម្បីរក្សាឧត្តមភាពរបស់ខ្លួនជាទង្វើមួយ ដែលអាចទទួលយកបាន។ តួយ៉ាងកិច្ចព្រមព្រៀងជាសកល ត្រូវបានគេបដិសេធជាឯកតោភាគី ហើយស្ថាប័នអន្តរជាតិ ក៏ត្រូវបានគេវាយប្រហារយ៉ាងកំរោល ខណៈដែលសំឡេងប្រកបដោយហេតុផល ត្រូវបានគេរារាំងដោយការប្រព្រឹត្តតាមទំនើងចិត្ត តាមរយៈការដាក់ទណ្ឌកម្មជាឯកតោភាគី និងវិធានការចាប់បង្ខំផ្នែកនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្សេងទៀត ព្រោះតែប្រទេសមានអំណាចបំផុត តម្កល់ផលប្រយោជន៍ខ្លួនខ្ពស់ជាងអ្វីៗទាំងអស់។

បើតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន, ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ត្រូវបានគេប្រើប្រាស់ដោយឥតញញើត និងធ្វើឡើងក្នុងកម្រិតមួយ ដែលបំផ្លិចបំផ្លាញគោលការណ៍មូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិជាអាទិ៍ សិទ្ធិស្វ័យសម្រេច និងអធិបតេយ្យជាតិ។ ក្នុងបរិបទនេះ ការបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិ គឺជាមូលហេតុនៃក្ដីបារម្ភដ៏ធំធេងរបស់យើង។

«ទន្ទឹមនេះ លទ្ធភាពនៃការកើតឡើងនូវ “សង្គ្រាមត្រជាក់បែបថ្មី” ក៏បានក្លាយជាកង្វល់ដ៏ចម្បងមួយទៀត ព្រោះថាប្រទេសកម្ពុជាដ៏តូចមួយនេះ ធ្លាប់បានបង់ថ្លៃយ៉ាងដំណំ ដោយសារជម្លោះសង្គ្រាមត្រជាក់ ការខ្វែងគំនិតគ្នាផ្នែកមនោគមវិជ្ជា និងការប្រកាន់ឥរិយាបថជាតិនិយមជ្រុល។ ហេតុនេះ យើងត្រូវតែច្រានចោលយ៉ាងដាច់អហង្ការ រាល់ការប៉ុនប៉ងណាមួយ ដែលនាំទៅរកការសាដាននៃប្រវត្តិសាស្រ្ត»៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here