២០ ឧសភា ២០១៧ គណបក្សនយោបាយទាំង១២ ចាប់ផ្តើមឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់

0
134

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គឺជាថ្ងៃដែលគណបក្សនយោបាយទាំង១២ធ្វើការឃោសនារកសំឡេងឆ្នោត ហើយក៏ជាថ្ងៃដំបូង ដែលមានការហែក្បួនតាមការណែនាំរបស់គ ជ ប ដោយបានអនុញ្ញាតឲ្យហែក្បួនតែ២ថ្ងៃប៉ុណ្ណោះ ថ្ងៃចាប់ផ្តើម និងថ្ងៃបញ្ចប់។

មុនមួយថ្ងៃនៃការហែក្បួននេះដែរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជួបតំណាងគណបក្សនយោបាយទាំង១២ ដើម្បីត្រួសត្រាយផ្លូវ ក្នុងការឃោសនា ក្រោយពីសាលារាជធានី បានហាមឃាត់មិនឲ្យឃោសនា នៅតាមផ្លូវសំខាន់ៗ ក្នុងរាជធានី។

សាលារាជធានីភ្នំពេញបានឯកភាពលើវិថីសំខាន់ ដែលមានការហាមឃាត់នោះ ប៉ុន្តែបក្សនយោបាយ ត្រូវដាក់លិខិតស្នើសុំ ទៅសាលារាជធានីជាមុន។
ក្នុងថ្ងៃជាមួយគ្នានេះដែរ គ.ជ.ប ក៏បានប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធ ហើយក៏បានចេញសេចក្ដីណែនាំ ដល់បក្សទាំង១២ អំពីការឃោសនាបោះឆ្នោតដែរ។ ក្នុងនោះ ការហែរក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង  ឬដោយយានជំនិះ គ្រប់ប្រភេទ ត្រូវធ្វើឡើងក្នុងក្របខណ្ឌ ព្រំប្រទល់ រដ្ឋបាលឃុំ-សង្កាត់ ដែលសាមីគណបក្សនយោបាយ បានចុះបញ្ជីបេក្ខជនឈរឆ្មោះបោះឆ្នោត។

សម្រាប់គណបក្សនយោបាយវិញ គឺគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្ស បានអំពាវនាវ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ។

យោងតាមសារលិខិតជូនពរ របស់សម្ដេចតេជោ ផ្ញើជូនកងកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបដិសន្ធិរបស់ កងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧) បានឲ្យដឹងថា “កងកម្លាំងនគរបាលគ្រប់រូប ត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ” ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២០ ឧសភា រហូតដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដែលជាយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នោះ កងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតី យកចិត្តទុកដាក់ក្នុងការធានា ឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តការណ៍នេះ ។

ព្រមជាមួយគ្នានេះដែរ គណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំ នៅកម្ពុជា ដែលមានលោក កឹម សុខា ជាមេបក្ស ​នឹងដឹកនាំធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត នៅគ្រប់២៥រាជធានី-ខេត្ត។

ចំណែកគ.ជ.ប ក៏បានប្រកាសនៅថ្ងៃទី១៩ ឧសភា ថា លទ្ធផលបណ្ដោះអាសន្ន នៃការផ្តល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត គិតត្រឹមថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ មានចំនួន ៧,៣៦៥,៩១៨ប័ណ្ណ ក្នុងចំណោម ៧,៨៦៥,០៣៣ប័ណ្ណ។

ដោយឡែកលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេសឲ្យបោះឆ្នោតជូន គណបក្សសង្រ្គោះជាតិ ដើម្បីនាំមកនូវ ការផ្លាស់ប្ដូរជាវិជ្ជមាន ដោយសន្តិវិធី តាមបែបប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។

សូមបញ្ជាក់ថា  យុទ្ធនាការឃោសនា បោះឆ្នោតឃុំ-សង្កាត់ ធ្វើឡើងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ហើយសកម្មភាព ដើរឃោសនានេះ គ.ជ.ប អនុញ្ញាត ឲ្យគណបក្សនយោបាយ ធ្វើតែ២ដងប៉ុណ្ណោះ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។ ការបោះឆ្នោត ឃុំ -សង្កាត់  មានគណបក្ស នយោបាយចំនួនពីរ បានដាក់បេក្ខជន ឈរឈ្មោះរបស់ខ្លួនគ្រប់ ឃុំ-សង្កាត់ ទូទំាងប្រទេស គឺគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ចំនួន១៦៤៦ ឃុំ-សង្កាត់ ។ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប បានទទួលចុះបញ្ជី បេក្ខជនឈរឈ្មោះ បោះឆ្នោត ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here