រថយន្តកុងតឺន័រក្រុមហ៊ុន EL បុករថយន្តសាំយ៉ុង កំពុងដាក់ម៉ូយ រួចបុកចូលផ្ទះប្រជាពលរដ្ឋ របួស៤នាក់ និងខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន

0
169

img_8541img_8540img_8539img_8501

ភ្នំពេញ៖មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សល់តែព្រលឹងចុងសក់ មួយដែលបង្កឡើងដោយរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនEL បានបុករថយន្តឈ្នួលមួយគ្រឿង ដែលកំពុងចតដាក់ម៉ូយ តាមដងផ្លូវ ខ្ទាតប្រមាណជាង១០ម៉ែត្រ រួចក៏ទៅប៉ះម៉ូតូអ្នកលក់ពងទាដែលធ្វើដំណើរឆ្លងកាត់។ ភ្លាមៗនោះរថយន្តកុងតឺន័របានបន្តទៅមុខទៀតប្រមាណជា ៥ម៉ែត្រ ក៏ជ្រុលចង្កូតទៅចូលក្នុងផ្ទះ ទៅមុខលែងរួច ហើយតៃកុងព្យាយាមរត់តែត្រូវ បានប្រជាពលរដ្ឋឃាត់ខ្លួន។

ហេតុការាណ៍នេះបានកើតឡើងពីវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចច្រកចូលសាលាសុវណ្ណាភូមិផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកពាក់ស្លាកលេខព្រះសីហនុ 4A-1860 បើកបរដោយុវជនម្នាក់ឈ្មោះ ទុយ ចាន់ធួន អាយុ២៣ឆ្នាំមានស្រុកកំណើត ភូមិល្វៀ ឃុំកណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តនិងម៉ូតូ ដែលរងការខូចខាតទី១ ឈ្នួលម៉ាកទួរីសស្លាកលេខ ភ្នំពេញ 2AD-5121 ធ្វើដំណើរពីខេត្តតាកែវ មកភ្នំពេញមានអ្នកដំណើរ នៅក្នុងរថយន្តមានមនុស្សចំនួន៨នាក់។ រីឯម៉ូតូមួយគ្រឿងផ្សេងទៀត បើកបរដោយបុរសម្នាក់ឈ្មោះ អៀរ នឿន អាយុ៣៧ឆ្នាំ មុខរបរអ្នកលក់ពងទា ស្នាក់ផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើរនៅស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តកុងតឺន័រដែលបង្កបានបើកពី ជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតឆ្លងផ្លូវទៅបុករថយន្តឈ្នួលដែលកំពុងចតដាក់ម៉ូយខ្ទាតទៅបុកម៉ូតូមួយដែលកំពុងធ្វើដំណើរ និងរថយន្តដែលចតនៅមុខផ្ទះមួយគ្រឿងទៀត បណ្តាលអោយបើកម៉ូតូនោះលោតចេញទើបផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ចំណែករថយន្តបង្កនោះ នៅតែបន្តបើកទៅមុខទៀត ប្រមាណជា ៥ម៉ែត្រក៏វ៉ាក់អើរថយន្តមួយគ្រឿងផ្សេងទៀត ហើយក៏រេចង្កូតទៅបុកចូលក្នុងផ្ទះប្រជាពលរដ្ឋតែម្តង ហើយតៃកុងរថយន្តបានព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនប្រគល់អោយតែម្តង។
តាមប្រភពពីនគរបាលបានអោយដឹងបន្ថែមទៀតថា ក្នុងហេតុការនេះ មានអ្នករងបួសស្រាល៤នាក់ ដែលនៅក្នុងរថយន្តឈ្នួល ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ និងឥវ៉ានដែលរថយន្ត កុងតឺន័របុកចូលនោះ ខូចខាតមួយចំនួនធំ។

ក្រោយកើតហេតុអ្នកបើករថយន្តកុងតឺន័រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល ចោមចៅបណ្តោះអាសន្ន រីឯនៅកន្លែងកើតហេតុសមត្ថកិច្ច ជំនាញបានទៅធ្វើការ វាស់វែងដើម្បីរង់ចាំ ការដោះស្រាយបន្ត៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here