ជនសង្ស័យបីនាក់វាយប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេចហើយគេចខ្លួនបាត់នៅខណ្ឌឬស្សីកែវ

0
163

ភ្នំពេញ៖ យុវជនម្នាក់ត្រូវក្រុមជនសង្ស័យមួយក្រុមមានគ្នាបីនាក់ធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿងទៅបាត់​ ខណៈ​ដែលជនរងគ្រោះឈប់បត់ជើងតូច ។
ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង២២និង២០នាទីយប់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០១៦ នៅចំណុចផ្លូវលូទឹកស្អុយខាងក្រោយវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សំ សំណាងភេទប្រុស អាយុ២១ឆ្នាំ​ធ្វើការនៅឃ្លាំងស្តុកមាន់នៅជិតផ្សារទួលសង្កែ និងមានស្រុកកំណើតនៅ ភូមិរំចេក៤ ឃុំរតនះ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។
តាមសម្ដីជនរងគ្រោះបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគេកំពុងតែនៅក្នុងកម្មវិធីបង្កក់កូនរបស់បងប្អូនដែលនៅជិតកន្លែងកើតហេតុ ហើយបងស្រីរបស់ខ្លួនបានប្រើអោយរូបគេទៅមើលឃ្លាំងព្រោះខ្លាចមានចោរ​គាស់សោចូលយកអីវ៉ាន់ដោយយកម៉ូតូម៉ាកនិច ពណ៌​សពាក់ស្លាកលេខ ភ្នំពេញ1CS-3621 ដែលជាម៉ូតូរបស់ក្មួយបង្កើត។ តាម​ប្រភពដដែល​បានបន្តថាក្រោយពី​ត្រឡប់​មក​មើល​ឃ្លាំងវិញពេលជិះជិតដល់កន្លែងកម្មវិធីរូបគេបានឈប់ម៉ូតូបត់ជើងតូចដោយមិនបានដកសោម៉ូតូនោះទេ ពេលដែលកំពុងតែបត់ជើងតូចមិនទាន់​រួចផងស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាបីនាក់បានដើរមកវាយរូបគេហើយយកម៉ូតូជិះគេចខ្លួនបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចមូល​ដ្ឋាន​អោយចុះមកកន្លែងកើតហេតុនិងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលទួលសង្កែដើម្បីកំណត់មុខសញ្ញាយក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​៕សិរសា​

 

LEAVE A REPLY

Please enter your comment!
Please enter your name here