ឆ្លងចរន្តអគ្គិសនី ឆេះបន្ទប់កម្មករ៤បន្ទប់ ផ្អើលទាំងព្រឹក

0
177

ភ្នំពេញៈ អគ្គិភ័យបានលេបត្របាក់បន្ទប់ជួលកម្មករចំនួន៤បន្ទប់ បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈអស់ទាំងស្រុងខណៈដែលកម្មករកម្មការិនីចាក់សោបន្ទប់ចេញទៅធ្វើការអស់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្សារសេរីភាព ក្បែរផ្សារសាំហាន់ ស្ថិតនៅក្នុងក្រុម៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបន្ទប់លេខ៩ មានឆ្លងចរន្តអគ្គិសនីតាំងពីល្ងាចមក ដោយបានឆេះកង្ហារចំនួន ២គ្រឿង។ លុះមកដល់ព្រឹកថ្ងៃទី២២ ខែធ្នូនេះ ក៏ឆ្លងចរន្តអគ្គិសនីម្តងទៀត បាន​បណ្តាលឲ្យ​ចេញផ្សែងហ៊ុយៗ និងមានជាអន្តាតភ្លើងឆេះឆាបពេញក្នុងបន្ទប់ ហើយក៏ឆេះរាយដាលទៅបន្ទប់ដែលនៅក្បែរនោះ។ ភ្លាមៗនោះ ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងហេតុ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ នឹងអន្តរាគមន៍ ហើយបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ពន្លត់។

បន្ទប់ទាំង៤ដែលត្រូវអគ្គីភ័យឆាបឆេះអស់ទាំងស្រុងនេះ គឺមានបន្ទប់លេខ៦ ម្ចាស់ឈ្មោះ ឃុន រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិត្រពាំងជ្រនាង ឃុំជ្រលង ស្រុកបារាយ ខេត្តតាកែវ។ បន្ទប់លេខ៧ ម្ចាស់ឈ្មោះ នៅ សុគន្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ បើកបររថយន្ត មានស្រុកកំណើតភូមិបឹងរាំ ឃុំបឹងក្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ បន្ទប់លេខ៨ ម្ចាស់ឈ្មោះ ធេត ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិកំផ្លាក ឃុំបារាយ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ បន្ទប់លេខ៩ ម្ចាស់ឈ្មោះ គឹម កញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិកងតានឹង ឃុំកងតានឹង ស្រុកកំពង់មាស ខេត្តកំពង់ចាម បន្ទប់ទាំង៤នេះ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងគ្មានសល់ ៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here