នគរបាលស្រវឹងធ្លាក់ភ្នែក បើករថយន្តបញ្ច្រាសទិសបុករថយន្តដឹកកម្មករ របួសធ្ងន់២នាក់ ស្រាល១២នាក់

ខេត្តតាកែវៈ មន្ត្រីនគរបាលម្នាក់ បានបើកបររថយន្តទាំងអាការៈស្រវឹងធ្លាក់ភ្នែក ក្នុងទិសដៅ​បញ្ច្រាសទិសចរាចរណ៍ហើយបានទៅបុករថយន្តដឹកកម្មកររោងចក្រពេញទំហឹង បណ្ដាលឲ្យកម្មករ​២នាក់ រងរបួសធ្ងន់ធ្ងរ ខណៈប្រមាណជិត១២នាក់រងរបួសស្រាល កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃច័ន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ជិតច្រកចូលរមណីយដ្ឋានទន្លេបាទី ស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាល ស្រុកបាទី បានឲ្យដឹងថា នៅមុនពេលកើតហេតុ​ គេឃើញ​បុរសម្នាក់ ដែលគេស្គាល់ជាមន្ត្រីនគរបាល(មិនទាន់ស្គាល់អង្គភាព) បានបើកបររថយន្ត​មួយគ្រឿង ម៉ាកតូយ៉ូតា កាមរីឆ្លាម ពាក់ស្លាកលេខ កណ្ដាល 2A-5517 ទាំងស្ថិតក្នុងស្ថានភាព​ស្រវឹងជោក ធ្វើដំណើរ​បញ្ច្រាសផ្លូវ ហើយរេចង្កូតចុះឡើងៗ ក៏ជ្រុលទៅបុករថយន្តកូរ៉េដឹក​កម្មករ​យ៉ាងពេញទំហឹង បណ្តាលឲ្យមានអ្នករបួសធ្ងន់ និងស្រាល១៤នាក់ ក្នុងនោះ មាន​អ្នករបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តតាកែវភ្លាម។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ ខណៈរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះវាស់វែង រួចយកទៅរក្សាទុកនៅអធិការ​ដ្ឋាននគរបាលស្រុកបាទី ដើម្បីរង់ចាំធ្វើការដោះស្រាយពេលក្រោយ។

បន្ទាប់ពីទទួលដំណឹងគ្រោះថ្នាក់នេះភ្លាម និងដោយយល់ពីទុក្ខធុរៈបងប្អូនប្រជាពលរដ្ឋនៅ​ពេលជួប​គ្រាលំបាក លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញ​ចុះសាកសួរសុខទុក្ខ និងពិនិត្យស្ថានភាពរបួសរបស់បងប្អូនកម្មករនៅមន្ទីរពេទ្យ​បង្អែក​ស្រុកបាទី ដោយផ្ទាល់ទាំងយ ៕sMbUr

Leave a Reply

Your email address will not be published. Required fields are marked *