បុរស​២នាក់​ជិះ​ម៉ូតូ​តាម​ផ្លូវ​បេតុង​បំរុង​បត់​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​រង​របួស​ស្រាល​ម្នាក់​

0
196

 

 

 
ភ្នំពេញ​៖​បុរស​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញ​ពី​ហូប​ការ​គេ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​បំរុង​បត់​ឆ្លង​ ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់​រង​របួស​ស្រាល​ម្នាក់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩:៣០នាទី​យប់​ថ្ងៃ​ទី​១០ខែ​មករាឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ភូមិ​ស្រែ​តេ​ជៈ​សង្កាត់​សំរោង​ក្រោម​ខណ្ឌ​ពោធិ៍​សែនជ័យ​។
សាកសពជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ភិន ចាន់សុភា អាយុ​៣៥ឆ្នាំ​ មុខរបរលក់ផ្លែឈើនៅផ្សាពោធិចិនតុងស្នាក់នៅភូមិប្រប្រកត្បូង​ស្រុកកំណើតនៅស្រុកថ្មគោល​ខេត្តបាត់ដំបង​និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ហែល សុភក្ត្រ​ អាយុ៣៤ឆ្នាំ​ស្នាក់នៅភូមិប្រប្រកជើង​សង្កាត់​កាកាប​ខណ្ឌ​ពោធិ៍​សែនជ័យ​។ដោយ​ឡែក​រថយន្ត​បង្ក​ហេតុ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ​ដោយ​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​។
តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះនិង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា​សេ​១២៥​ពណ៌​ខ្មៅ​សេរី​២០១៥ពាក់​ស្លាក​លេខ​ ភ្នំពេញ​1 Cz 7525​ទៅ​ចូលរួម​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​មិត្តភ័ក្ដិ​នៅ​ម្តុំ​ភ្នំ​ប្រសិទ្ធិ៍​។​លុះ​ចូល​រួម​កម្មវិធី​ហើយ​ក៏​ជិះ​ម៉ូតូ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​បត់​ឡើង​លើ​ផ្លូវ​ទំនប់​កប់​ស្រូវ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពាក់​កណ្ដាល​បណ្ដាល​ឲ្យ​ខ្ទាត​មនុស្ស​ចេញ​បោក​ទៅ​នឹង​ថ្នល់​ស្លាប់​បាត់បង់​ជីវិត​ម្នាក់​នឹង​ម្នាក់​ទៀត​សន្លប់​មួយ​សន្ទុះ​ទើប​ដឹង​ខ្លួន​ចំណែក​ឯ​ម៉ូតូ​ហោះ​ចំងាយ​ប្រហែល​ជា​៣០ម៉ែត្រ​។​ដោយ​ឡែក​អ្នក​បើក​បរ​រថយន្ត​បង្ក​ហេតុ​មិន​បាន​ឈប់​នៅ​កន្លែង​កើត​ហេតុ​ទេ​ថែម​ទាំង​បន្ថែម​ល្បឿន​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​សូន្យ​ឈឹង​តែ​ម្ដង​។​
ក្រោយពេលកើតហេតុ​គេ​ឃើញ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ដែល​សន្លប់​ទៅ​មន្ទីរពេទ្យ​។​រីឯ​សាកសពជន​រងគ្រោះ​ត្រូវបាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ប្រគល់​ទៅ​អោយ​ក្រុមគ្រួសារយក​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​ប៉ុន្តែ​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​ខណ្ឌ​យក​មក​រក្សា​ទុក​រង​ចាំ​ក្រុម​គ្រួសារ​នៃ​សព​យក​ឯកសារ​ទទួល​ទៅ​វិញ​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here