ព្រះសង្ឃក្នុងវត្តសុវណ្ណគីរីហៅវត្តកំប៉ូតចងមុងឆាន់ចង្ហាន់ដោយសាររុយច្រើន

ខេត្តកំពង់ស្ពឺៈ ពិតជារឿងគួរឲ្យចាប់អារម្មណ៍ដែលសត្វរុយរាប់រយរាប់​ពាន់ក្បាលបានយាយីព្រះ​សង្ឃ​នៅវត្តមួយមិនឲ្យឆាន់ចង្ហាន់បានស្រួល រហូតទាល់តែដាក់មុងទើបឆាន់បាន ដែលករណី មិនត្រូវបានគេបន្ទោសអាជ្ញាធរដែនដី មន្ទីរបរិស្ថានខេត្ត ឬ ក្រសួងសុខាភិបាលមិនបានគិត​គូរយ៉ាងណាទេ បន្ទាប់ពីគេដឹងសត្វរុយចម្លងរោគទាំងនេះកើតចេញពីគំនរសំរាមមួយ​នៅក្បែរ​វត្តនេះ។

វត្តដែលកំពុងយាយីដោយសត្វរុយនេះត្រូវបានស្គាល់ថាវត្តសុវណ្ណគីរីហៅកំប៉ូត នៅតាម បណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមនខេត្ត កំពង់ស្ពឺ។

ប្រភពពីខេត្ត កំពង់ស្ពឺបានឲ្យដឹងថា ព្រះសង្ឃឆាន់នៅក្នុងមុងនេះ មិនមែនជាលើកទី១នោះទេ​សម្រាប់ខេត្តកំពង់ស្ពឺដែលព្រះសង្ឃត្រូវបង្ខំចិត្តឆាន់ចង្ហាន់នៅក្នុងមុងព្រោះតែកត្តានានាជាច្រើនដូចជាវត្តខ្លះទប់ទល់ជាមួយនឹងសត្វរុយដែលហើរចេញពីទ្រុងមាន់ដែលនៅក្បែរ ជាដើម។ ដោយឡែក សុវណ្ណគីរីហៅកំប៉ូត នេះវិញគឺសត្វរុយដូចហ្វូងឃ្មុំ​ដែលហើរចេញពីគំនរ​សំរាម​មួយ​នៅក្បែរអារាមនេះប្រហែល១០០ម៉ែត្រប៉ុណ្ណោះ ហើយបើទោះបីគណកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តបានរាយការណ៍ប្រាប់អាជ្ញាធរដែនដីយ៉ាងណាក៏ដោយក៏មិនមានលទ្ធផលដែរ ។ អ្វីដែលគួរឲ្យអស្ចារ្យទៀតនោះ រដូវនេះជារដូវភ្ជុំបិណ្ឌ ដោយសារតែសម្បូរសត្វ​រុយយ៉ាងនេះ ធ្វើឲ្យវត្ត សុវណ្ណគីរីហៅកំប៉ូត អត្តខាត់មិនសំបូរចង្ហាន់ និងគ្មាន ពុទ្ធបរិស័ទ ណាទៅកាន់បិណ្ឌឡើយ ។

បើតាមប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត ដែលនាំយកចង្ហាន់ទៅវេរប្រគេនដល់ព្រះសង្ឃ​ដែល​គង់ចាំព្រះវស្សា​នៅវត្តនេះបានឲ្យដឹងថា”ខែរដូវនេះជារដូវបុណ្យភ្ជុំដូច្នេះ​ហើយទើបមិនថាអ្នក​នៅជិតឬក៏ឆ្ងាយនោះទេតែងតែនាំកូនចៅមានទាំងចង្ហាន់មកកាន់វត្តដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧សន្តានទៅកាន់លោកខាងមុខ”។ តែអ្វីដែលជាការរំខាននោះគឺសត្វរុយ​ដែលហើរចេញ​ពីគំនរសំរាមនៅក្បែរវត្តមកទំលើចានចង្ហាន់យ៉ាងច្រើនស្អេកស្កះ​មើលទៅ​គួរឲ្យ​ព្រឺក្បាលខ្លាំងណាស់។  ដូច្នេះហើយទើបគណកម្មការវត្ត​ព្រមទាំងពុទ្ឋបរិស័ចំណុះ​ជើងវត្តសម្រេចគ្នាថាមានតែដេរមុងឲ្យធំហើយយកមកចងគ្របពីលើនោះទេទើបព្រះសង្ឃអាចឆាន់ចង្ហាន់បានដោយគ្មានការរំខានពីសត្វរុយ។ម្យ៉ាងការធ្វើដូច្នេះដោយសារតែគិតគូរពីព្រះសុខភាពព្រះសង្ឃផង ម៉្យាងខែនេះនៅមានភ្លៀងខ្លាចមូសខាំ នាំឲ្យកើតជំងឺគ្រុនឈាម​ជាដើម។

លោកតាអាចារ្យឈ្មោះគង់ សេង អាយុ៨៥ឆ្នាំ បានមានប្រសាសន៍ ឲ្យដឹងថាវត្តកំប៉ូតនេះមាន​ព្រះសង្ឃគង់ជាង១១អង្គហើយបច្ចុប្បន្នអំឡុងពេលតាំងពីចូលវស្សាគឺមានតិចតួចនោះទេ ហើយទើបតែដល់ពេលដាក់បិណ្ឌ (បុណ្យភ្ជុំ) រហូតមកដល់នេះណាមួយភ្លៀង​ផងទើបសត្វ​រុយហើរមកកាន់តែច្រើនបែបនេះ ដែលសត្វរុយទាំងនេះត្រូវបានដឹងថា​ហើរចេញមកពីគំនរ​សំរាមដែលនៅក្បែរនោះ។

លោកតាគណៈកម្មា អាចារ្យវត្តព្រះសង្ឃ ព្រមទាំងពុទ្ឋបរិស័ទចំណុះជើងវត្ត​បានសំណូមពរ​ដល់លោក ឯម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត សូមមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងទប់​ស្កាត់ផងដើម្បីអ្នកទៅធ្វើបុណ្យបាន​ស្ងប់អារម្មណ៍​​រឿងសត្វរុយនេះ ដោយការដាក់មុង​ព្រះសង្ឃ​ឆាន់ចង្ហាន់នេះ ក៏ព្រោះតែកាត់បន្ថយមានអ្នក​នៅចាំបក់ថែមទៀតផង។ រយៈពេលជាច្រើនឆ្នាំមកហើយវត្តនេះរងគ្រោះដោយ​សារតែសត្វ​រុយវាយលុក មកទំលើម្ហូបអារហារជាការរំខានដល់ប្រជាពលរដ្ឋ និងព្រះសង្ឃខ្លាំងណាស់៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *