CBR ជិះលឿន បុកម៉ូតូToday របួសធ្ងន់២នាក់

ខេត្តស្ទឹងត្រែង: យុវជន៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក CBR (ម៉ូតូធំ) ក្នុងស្ថានភាពស្រវឹង មកបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាក TODAY យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរដូក រណែលពេញផ្លូវរងបួសធ្ងន់៤នាក់ កាលពីម៉ោង៩និង១៥នាទីយប់ ថ្ងៃ ពុធ ៩ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចទល់មុខស្នង​ការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

សាក្សីឃើញហេតុការណ៍នេះប្រាប់ថា មុនពេលកើតហេតុគេបានឃើញម៉ូតូធុនធំ​ម៉ាកCBR​មួយគ្រឿងជិះឌុបគ្នា៣នាក់ បោះពួយ យ៉ាងលឿនពីរង្វង់មូលថ្មីឆ្ពោះទៅ​រង្វង់មូលកងចក្រ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូនេះ បានបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាកTODAY ពណ៌​ឈាមជ្រូក គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់​ពេញទំហឹងបណ្តាល​ឲ្យដួលពេញ​ផ្លូវ​តែម្តង។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរក្រុងស្ទឹងត្រែងទៅដល់វាស់វែង ទើបដឹងថា ភាគីជន​រង​គ្រោះជិះម៉ូតូធូដេ ឈ្មោះ សេង ហ៊ុនចំរ៉ុង អាយុ៣២ឆ្នាំ រស់នៅភូមិរាជានុកូល ក្រុង ខេត្តស្ទឹង​ត្រែង មុខរបរ ជាងបាញ់ថ្នាំ តុ គ្រែ។ ចំណែកភាគីបង្កមានគ្នា៣នាក់៖ ទី១ឈ្មោះ លី ធាង អាយុ១៧ឆ្នាំ។ ទី២ ឈ្មោះ យ៉ា អាយុ២៥ឆ្នាំ ជាអ្នកបើកម៉ូតូ។ទី៣ឈ្មោះ ស្នា អាយុ១៥ឆ្នាំ។ ពួកគេជិះម៉ូតូ ម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-9638។ អ្នកទាំង៣ជាកម្មករ​នៅក្រុមហ៊ុន(ដុងណាយ ដុងហ្វូ)។ ក្រោយហេតុការណ៍ភាគីរបួស​ទាំងសងខាងត្រូវបាន​សមត្ថកិច្ច​​ហៅរថយន្តសង្គ្រោះដឹកយកមកព្យាបាលនៅមន្ទីពេទ្យ បង្អែកខេត្តភ្លាមៗផងដែរ។​រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថ​កិច្ចយក​មក​រក្សាទុកក្នុងស្នងការដ្ឋាននគបាល​ខេត្តស្ទឹង​ត្រែង រង់ចាំភាគីទាំង២ចូលខ្លួនមកដោះ​ស្រាយតាម​ច្បាប់ពេលក្រោយ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *