មន្រ្តីនគរបាលចរាចរជំរឹតទារលុយពីចិន៥០ដុល្លារ ប្រឈមមុខបណ្តេញចេញ

ភ្នំពេញ៖  ប៉ុន្មានថ្ងៃមកនេះនេះ មានគណនី Facebook ជាច្រើន បាន បង្ហោះ ផ្សព្វផ្សាយ ចែកចាយបន្ដគ្នាពីមួយទៅមួយ អំពីភាពមិនប្រក្រតីរបស់មន្ត្រី នគរបាល ចរាចរ ផ្លូវគោក ក្រុងព្រះសីហនុម្នាក់ បានឃាត់រថយន្តមួយគ្រឿង បើកបរ ដោយ ជនជាតិ ចិន ជំរឹតទារលុយ ចំនួន ១០០ដុល្លារ ក្រោយ មក តថ្លៃ សល់ ៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍​ត្រឹមត្រូវនៅព្រះរាជាណាណាចក្រកម្ពុជា។ ទង្វើនេះត្រូវបានម្ចាស់រថយន្តលួចថតសកម្មភាព​ក្នុងការទារ លុយរបស់មន្រ្តីនគរបាលចរាចរ ​ម្នាក់​នេះដែលនិយាយជាភាសាចិនយ៉ាង​ស្ទាត់ជំនាញ​ជាមួយចិនដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍នោះ ។

ក្រោយទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាឲ្យស្រាវជ្រាវ និងហៅមន្ដ្រីនគរបាលរូបនោះ មកសួរនាំផងដែរ រួចអនុវត្តទៅ​តាមច្បាប់របស់កងកម្លាំងនគរបាលជាតិ។ បន្ទាប់ពី​សាកសួរ​រួច​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ នឹង​ស្នើសុំ​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដើម្បី​ដាក់វិន័យ​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត ព្រោះ​ធ្វើ​បាត់បង់​កិត្តិយស​មន្ត្រីនគរបាល​ជាតិ​ទូទាំងប្រទេស ។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ដែលទារលុយពីជនជាតិចិន ចំនួន១០០ដុល្លារ ហើយតថ្លៃចុះត្រឹម៥០ដុល្លារ ជាថ្នូរនឹងការបើកបរខុសច្បាប់ចរាចរណ៍ នៅខេត្តព្រះសីហនុ ប្រឈមនឹងការទទួល ពិន័យរដ្ឋបាល និងច្បាប់របស់កងកម្លាំងនគរបាលជាតិ។

ចំណែក លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ បានថ្លែង យ៉ាងដូច្នេះថា «ចំពោះមន្ដ្រីនគរបាលចរាចរនោះ អាច ប្រឈមនឹងការដាក់ពិន័យរដ្ឋបាល ឬដកអាចស័ក្ដិ ឬអាចឈានដល់ការដកចេញពីក្របខ័ណ្ឌ ទៅតាមច្បាប់របស់កងកម្លាំងនគរបាលជាតិ លេខ០០៦»

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា មន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិន នៅខេត្ត​ព្រះសីហនុនោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់ អនុសេនីយ៍ ត្រី ជា មន្ត្រី នៅ ផ្នែក អន្តរាគមន៍ នៃ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក របស់ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *