ចាប់បានសត្វព្រៃ១០ប្រភេទ យកទៅដុតកម្ទេចចោល និងឃាត់មនុស្សពាក់ព័ន្ធ៦នាក់

ខេត្តបាត់ដំបង ៖   សមត្ថកិច្ច​ចម្រុះបាន​ឃាត់ខ្លួន​អ្នកលក់ដូរ​សត្វព្រៃ​ខុសច្បាប់​ចំនួន៦នាក់បញ្ជូនទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ និង​រឹបអូស​សត្វព្រៃ១០ប្រភេទ​ចំនួន៦៤៦ក្បាល​យកទៅ​ដុត​កម្ទេចចោល​នៅ​រសៀល​ថ្ងៃ​១៨ ខែ តុលា ឆ្នាំ២០១៨ ដើម្បី​ជាការ​ព្រមាន បន្ទាប់ពី​ចុះបង្ក្រាបនៅ​កន្លែង​លក់ដូរ​សត្វព្រៃ​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅតាម​បណ្តោយ​ផ្លូ​ប​ជាតិ​លេខ៥ក្នុងភូមិ​ពុល​ឆ្មារ​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ។

លោក ​ពិត​ ភារ​ក្ស ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បានឱ្យដឹងថា​អ្នកលក់​សត្វព្រៃ​ទាំង៦នាក់​សុទ្ធតែ​ស្រី​មាន ១-ឈ្មោះ​ហៃ សុ​ឃុន​អាយុ៥២ឆ្នាំ ២-ឈ្មោះ​រ៉េត ម៉ៅ​អាយុ៣៩ឆ្នាំ ៣-ឈ្មោះ​រ៉េត​សា​រៀង​អាយុ១៧ឆ្នាំ ៤-ឈ្មោះ​រ៉េត​ណា​លីន​អាយុ១៤ឆ្នាំ(កូនស្រី)៥-ឈ្មោះ​សេង​ស៊ី​ណាត​អាយុ១៣ឆ្នាំ។ ទាំង​ប្រាំ​នាក់​នេះ​រស់នៅ​ភូមិ​ស្វាយ​កង់ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​និង៦-ឈ្មោះ​យឿន​ធឿន​អាយុ៥២ឆ្នាំ​នៅ​ភូមិ​សំរោង​ក្នុង​ឃុំ​សំរោង​ក្នុងស្រុក​ឯក​ភ្នំ។ចំណែក​សត្វព្រៃ​ដែល​ដកហូត​បាន​មាន១០ប្រភេទ​សរុប​ចំនួន៦៤៦ក្បាល ដែលមាន​ខ្លះ​បោច​រួច​និង​ខ្លះ​ចៀន​រួច។

លោក ​ពិត​ ភារ​ក្ស បន្តថា កន្លែង​លក់ដូរ​សត្វព្រៃ​មួយកន្លែង​សាងសង់​ជា​រោង​លក់​សត្វព្រៃ​ផង​និង​លក់​គ្រឿងក្លែម​ផង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ស្រុក​ចុះ​ផ្សព្វផ្សាយ​និង​ធ្វើការ​អប់រំ​និង​កិច្ចសន្យា​ហាម​មិនឱ្យ​លក់ដូរ​ជាច្រើនលើក​មកហើយ។ប៉ុន្តែ​ពួកគេ​នៅ​បន្ត​លក់ដូរ​ដោយ​គ្មាន​ខ្លាចញញើត​ឡើយទើបសមត្ថកិច្ចជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​សង្កែ​បង្រ្កាបនិងសម្រេច​ដុត​កម្ទេចចោល​នៅក្នុង​បរិវេណ​អធិការនគរបាល​ស្រុក​នៅ​រសៀល​ថ្ងៃ​ដដែល។

ចំណែក​អ្នកលក់​សត្វព្រៃ​ទាំងចាស់ទាំងក្មេង​ចំនួន៦នាក់​ត្រូវ​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​​បញ្ជូន​ទៅសាលាដំបូង​ខេត្ត​ចាត់ការតាម​នីតិវិធី៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *