ដើរទៅ​មើល​អង្គុប​ដាក់​សត្វ​ក្នុងព្រៃ​ជាមួយ​ឪពុកត្រូវ​ខ្លាឃ្មុំ​ខាំ​រងរបួស​ធ្ងន់

ខេត្តរតនគិរី៖  យុវជន​ម្នាក់ ខណៈបាន​ដើរទៅ​មើល​អង្គុប​ដាក់​សត្វ​ក្នុងព្រៃ​ជាមួយ​ឪពុក បានជួប​នឹង​សត្វខ្លា​ឃ្មុំធំមួយក្បាល ហើយត្រូវ​បាន​សត្វ​ខ្លាឃ្មុំនោះ​ខាំ​បណ្តាល​ឲ្យរយះដាច់សាច់ជើង​រង​របួស​ធ្ងន់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី រសៀល ថ្ងៃ អង្គារ ១៣  រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃ ទី៦ ខែ​វិ​ច្ឆិ​កា ឆ្នាំ២០១៨ ស្ថិតនៅ​ចំនុច​ក្នុងព្រៃ ភូមិ​ទំពួន​រឺ​ង​តូច ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី។

មន្រ្តីនគរបាលស្រុកតាវែងបានឲ្យដឹងថា យុវជន​ដែល​ត្រូវ​សត្វខ្លាឃ្មុំ​ខាំ រងរបួស​ធ្ងន់​នោះ​មាន ឈ្មោះ ណ​យ សឺ អ៊ី អាយុ១៦ឆ្នាំ​ជនជាតិ​ទំពួន រស់នៅ​ភូមិ​ទំពួន​រឺ​ង​តូច ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី។

ប្រមូលហេតុ​ដែល​យុវជន​នេះ ត្រូវ​សត្វ​ខ្លាឃ្មុំ​ខាំ​នោះ ដោយសារតែ​យុវជន​រូបនេះ​បាន​ដើរទៅ​ក្នុងព្រៃ​ជ្រៅ​ជាមួយ​ឪពុក​របស់ខ្លួន​ដើម្បី​មើល​អង្គុប​ដាក់​សត្វ​ព្រៃស្រាប់តែ​ប្រទះឃើញ​សត្វ​ខ្លាឃ្មុំ ក្នុងព្រៃធំមួយក្បាលប៉ុនកូនក្មេងអាយុ១០ឆ្នាំ ហើយក៏ស្ទុះមក​ខាំយុវជនរងគ្រោះយ៉ាងញក់ញី​បណ្តាលដាច់​រយះជើងនិងខោខូវប៊យមួយចំហៀងបណ្តាលឲ្យរងរបួស​ធ្ងន់​តែម្តងគ្រាដែលឪពុកព្យាយាម ជួយកូនដែរ តែជួយមិនឈ្នះ។ បន្ទាប់មក​ឪពុក​ជនរងគ្រោះ​ក៏បាន​នាំ​កូន​មក​ផ្ទះ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ស្រុក​តា​វែង​ជួយធ្វើ​អន្តរាគមន៍​និងដឹកកូនយកទៅកាន់មន្ទីរពេទ្យ​បង្អែកភ្លាមៗដែរ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *