ស្រង់​គ្រាប់បែកទម្លាក់ពីលើយន្តហោះធុនបេ MK82 មិនទាន់ផ្ទុះមួយគ្រាប់បន្សល់ទុកពីសម័យសង្រ្គាម

ខេត្តស្ទឹងត្រែងៈ គ្រាប់បែកទម្លាក់ពីលើយន្តហោះ ប្រភេទបេ MK82 មិនទាន់ផ្ទុះមួយគ្រាប់​ មានគីបដែលមានគុណភាពអាចផ្ទុះនៅឡើយ ត្រូវបានកម្លាំងនគរបាល​អធិការដ្ឋាន​ស្រុក​សៀមប៉ាង និងកម្លាំងនគរបាល​ប៉ុស្តិ៍រដ្ឋបាលឃុំសេកុង សហការជាមួយកម្លាំង​ជំនាញអង្គ​ការដោះមីនកម្ពុជាស្រង់ពីទឹកយកទៅរក្សាទុកឲ្យបានគត់មត់ ។

ការសហការស្រង់យកគ្រាប់បែកប្រភេទបេ MK82 មិនទាន់ផ្ទុះមួយគ្រាប់ ពីក្នុងទឹកនេះ បានប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃ ព្រហស្បតិ៍ ១ កើត  ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទន្លេសេកុង ក្នុងភូមិបានមួង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

មន្ត្រីជំនាញអង្គ​ការដោះមីនកម្ពុជា បានឲ្យដឹងថា គ្រាប់បែកប្រភេទបេ MK82 មួយគ្រាប់នេះ មានទម្ងន់ជិតមួយតោនជាគ្រាប់បែកទម្លាក់ពីលើយន្តហោះ ផលិតនៅសហរដ្ឋអាមេរិកបានបន្សល់ទុក តាំងពីសម័យ​សង្រ្គាម​ក្នុងទសវត្សឆ្នាំ៦០-៧០ ដែលចាស់មានច្រែសចាប់ព្រោះត្រាំក្នុងទឹកយូរឆ្នាំ និងមាន​គីប​មានគុណភាពដែលអាចបំផ្ទុះបាននៅឡើយ ។

បច្ចុប្បន្ន​គ្រាប់បែកប្រភេទ បេ MK82 នេះ​ ត្រូវបានកម្លាំង​ជំនាញនៃអធិការដ្ឋាននគរបាល​ស្រុកសៀមប៉ាង ប្រគល់ជូនអង្គការ ស៊ីម៉ាក់ ដើម្បីយកទៅរក្សាទុកកន្លែងជំនាញរបស់អង្គការ នេះនិងរង់ចាំកម្ទេចចោលពេលក្រោយ ជៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *