អ្នកភូមិជិត១៦០នាក់ពុលចំណីអាហារក្នុងពេលចូលរួមបុណ្យសព

ខេត្តរតនគិរី ៖ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិជិត ១៦០នាក់ បាន​ក្អូ​ត​ចង្អោរ រាករូស ខណៈដែល​ពួកគាត់​បាន​ពុល​ចំណីអាហារ ក្នុង​ពិធី​ចូលរួមបុណ្យសពអ្នកភូមិ​ម្នាក់នៅក្នុង​ភូមិ ហើយត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក និងខេត្ត ដើម្បីសង្រ្គោះ ជាបន្ទាន់ ។

ហេតុការណ៍នេះកើតឡើងកាលពី​ថ្ងៃ​ព្រហស្បតិ៍ ១កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ  ស្រុក​អូរ​ជុំ ខេត្តរតនគិរី គ្រាដែល អ្នកទាំងនោះហូបចំណីអាហារមិនស្អាត ក្នុងពិធីបុណ្យសពអ្នកភូមិម្នាក់ ។

លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រត​គិរី បាន​ឲ្យ​ដឹង​ ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ចុះទៅ​ទីតាំង​កើតហេតុ​ភ្លាម ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ហើយបានរកឃើញមូលហេតុដែលបណ្តាល​ក្អូ​ត​ចង្អោរ​នេះ គឺ​បណ្តាលមកពី​ពួកគាត់​បរិភោគ​ចំណីអាហារ​មិនមាន​អនាម័យ​ល្អ។

លោក​វេជ្ជបណ្ឌិត អ៊ុង រតនា បានបញ្ជាក់ថា តែ​ទោះជា​យ៉ាងណា ករណីនេះ​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ហើយគិត​មកដល់​ម៉ោង៤ល្ងាច​ថ្ងៃ​ដដែល​នេះ គឺ​ស្ថានភាព​របស់​ពួកគាត់​ទាំង១៦០នាក់​នេះ​បាន​ធូរស្រាល​វិញ​ហើយ និងខ្លះបានវិលត្រឡប់ទៅផ្ទះវិញហើយដែរក្រោមការយកចិត្តទុកដាក់របស់​ក្រុមគ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ​ពិនិត្យ​ព្យាបាល និង​ធ្វើការ​តាមដាន​សុខភាព​ជូន​ពួកគាត់​រហូតដល់​ពួកគាត់ អស់ពីចិត្តនិងថ្លើម ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *