ប្រទះឃើញគ្រោងឆ្អឹងបុរសម្នាក់គេកាត់ជាពីរកំណាត់ យកទៅបោះចោលក្នុងដីឡូត៍

ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានប្រទះឃើញសពនៅសល់តែគ្រោងឆ្អឹង ដោយនៅក្នុងបាវជ័រមួយដោយមានរុំស្កុតបិតជិត កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅដីឡូតិ៍មួយកន្លែង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងភូមិ សង្កាត់ខាងលើ ។

ប្រជាពលរដ្ឋដែលជាកម្មករសំណង់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់ទាំងពីរនាក់ បានជិះម៉ូតូចូលមកក្នុងដីឡូត៍ខាងលើ ដើម្បីបត់ជើងតូច ខណៈដែលកំពុងបត់ជើងតូច ក៏បានប្រទះឃើញគ្រោងឆ្អឹងមនុស្សនៅក្នុងបាវមួយ ដោយមានការសង្ស័យរូបគាត់ បានដើរចូលទៅជិត ហើយក៏បានមើល ស្រាប់តែឃើញក្បាលមនុស្សនៅក្នុងបាវខាងលើ ដោយមានរុំស្កុតបិទជិត។ ភ្លាមៗនោះ រូបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍គោករកា ដើម្បីចុះមកដល់ទីតាំងកើតហេតុ។

ក្រោយពីទទួលបានដំណឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ ក៏បានចុះមកដល់ទីតាំងកើត និងទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យ ចុះមកពិនិត្យសាកសពខាងលើ ឃើញសពបុរសខាងលើត្រូវបានក្រុមជនសង្ស័យមិនស្គាល់មុខកាត់ជាពីរកំណាត់ រួចយកមកបោះចោលនៅក្នុងដីឡូត៍ខាងលើ ដោយច្រកចូលក្នុងបាវជ័រពណ៌ខៀវ។ ចំណែកឯសាកសពជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចយកទៅទៅទុកនៅវត្ត និងកំពុង ស្វែងរកមុខឃាតក ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *