ខេត្តបន្ទាយមានជ័យ ស្ថានីយលក់ប្រេងសាំងមួយចំនួន កោរក្បាលពលរដ្ឋលក់ក្លែងបន្លំលីត្រនិងគុណភាព

ខេត្តបន្ទាយមានជ័យ: ពេញមួយថ្ងៃ គឺនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមអយ្យការខេត្តបន្ទាយមានជ័យ សមត្ថកិច្ចសាខាកាំកុងត្រូលខេត្ត​បន្ទាយមានជ័យ បានចុះត្រួតពិនិត្យស្ថានីយ៍ប្រេងឥន្ធន:ចំនួន១០ ទីតាំង ដែលកំពុងប្រតិបត្តិការលក់ចែកចាយ ដល់អតិថិជនក្នុងស្រុកចំនួនបីនៃខេត្ត បន្ទាយមានជ័យ ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យការលក់ ដែលមិនអនុលោមទៅច្បាប់កំណត់​ គៃបន្លំបរិមាណ​ គុណភាព​ តម្លៃ​ស្តង់ដាបច្ចេកទេស។

លោក​ សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានសាខាកាំកុងត្រូលខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា​ ដោយមានការណែនាំពីអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលលើការលក់ប្រេងមិនអនុលោមភាព និងក្រោមការដឹកនាំត្រួតពិនិត្យពីលោក​ ម៉ក់​ ពេជ្ជរុន​ ប្រធាននាយកដ្ឋានពិសោធន៍កម្លាំងជំនាញ បានធ្វើការពិនិត្យតាមរយ:រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធន: របស់អគ្គនាយកដ្ឋានកាំកុងត្រូលចំនួន១០កន្លែង ក្នុងស្រុកចំនួនបីជាប់ព្រំដែន​ ស្រុក​ អូរជ្រៅ​ ស្រុក​ស្វាយចេក​ និងស្រុកថ្មពួក​ ឃើញថា មានស្ថានីយ៍តែមួយគត់ ដែលបានអនុលោមតាមច្បាប់ត្រឹមត្រូវ រីឯ០៩ស្ថានីយ៍​ផ្សេងទៀត គឺមិនបានអនុលោមតាមច្បាប់កំណត់ទេ​ លក់ប្រេងបន្លំគុណភាព​ គៃបន្លំបរិមាណមិនគ្រប់លីត្រ​និងតម្លៃទីផ្សារខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម ។

លោកប្រធានសាខាបញ្ជាក់ថា​មានស្ថានីយ៍ប្រេងខ្លះកេងបន្លំអតិថិជន រហូតដល់ទៅ៨លីត្រ ក្នុងចំណុះប្រេង១០០លីត្រ និងស្ថានីយ៍ខ្លះកេងបន្លំប្រេង ២-៣រហូតដល់៥លីត្រ ក្នុងចំណុះប្រេង១០០លីត្រ។ លោក​ សាន​ វិជ្ជាសារ៉ាវុធ​ បានបញ្ជាក់បន្ថែមផងដែរថា ក្រោយពីរកឃើញ​ ការលក់មិនមានភាពត្រឹមត្រូវតាមច្បាប់​មន្ត្រីជំនាញបានធ្វើការណែនាំ និងកិច្ចសន្យាលើកទី១ កែសម្រួលឡើងវិញ ធ្វើយ៉ាងណាឲ្យមាននិរន្តភាព និងមានគុណភាពបរិមាណកម្រិតស្តង់ដា​។ ហើយបើម្ចាស់ស្ថានីយ៍ទាំងអស់ មន្ត្រីជំនាញរកឃើញថា មិនមានការកែសម្រួលឡើងវិញទេ​ នោះម្ចាស់ស្ថានីយ៍ ត្រូវប្រឈមជាមួយនឹងការឡើងតុលាការ និងពិន័យជាប្រាក់ពី៥លានរៀលទៅ១០លានរៀល រួមទាំងត្រូវផ្តន្ទាទោសពី១ខែទៅ១ឆ្នាំ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *