ទុស្សេខ្សែភ្លើងឆេះ​តូបលក់ដូរ១៦តូបក្នុងផ្សារដងទង់ ខេត្តកំពត

ខេត្តកំពតៈ អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូររបស់បងប្អូនអាជីវករ នៅក្នុងផ្សារដងទង់ អស់ចំនួន១៦តូប បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារត់មកជួយពន្លត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច​ទាក់ទង​រថយន្តពន្លត់អគ្គិភ័យ​ចេញធ្វើអន្តរាគមន៍​បាញ់ពន្លត់ ដោយចំណាយពេលជាង៣ម៉ោងទើបរលត់ទាំងស្រុង ។

គ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ត ទី៦ ខែធ្នូ​ ឆ្នាំ២០១៨ នៅក្នុងផ្សារដងទង់ នៅភូមធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត​។

សមត្ថកិច្ចនគរបាលស្រុកដងទង់បានឲ្យដឹងថា អគ្គិភ័យនេះកើតឡោះងបណ្តាលមក​ពី​ទុស្សេខ្សែភ្លើង ទើបឆេះរាលដាលតូបលក់ដូរអស់ចំនួន ១៦តូប ដែលគិតជាទឹកប្រាក់រាប់ម៉ឺន​ដុល្លារតែ​មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​ខាងលើនេះ​ សមត្ថកិច្ច​បានប្រើ​ប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ដោយក្នុងនោះមានរថយន្ត​ពន្លត់អគ្គិភ័យស្រុកឈូក ១គ្រឿង រថយន្តពន្លត់អគ្គិភ័យស្រុកកំពង់ត្រាច ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យស្នង​ការដ្ឋាននគរបាលខេត្តកំពត ២គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួន ៣រថយន្ត ស្មើនឹង ១៣.៥ម៉ែត្រគូប និងបានពន្លត់ចប់ជាស្ថាពរនៅពាក់កណ្តាលអធ្រាត្រថ្ងៃកើតហេតុ៕ សំបូរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *