បោកសាច់ញាតិមិនអស់ចិត្តបោកប្រពន្ធខ្លួនឯងយកទៅរៀបការជាមួយបរទេសជាថ្នូរលុយ ជិត២ម៉ឺនដុល្លារ

0
98

ខេត្តសៀមរាបៈ កាលពី​រសៀល​ថ្ងៃថ្ងៃសុក្រ ៧ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ ជនរងគ្រោះបួន​នាក់​ដែលជា​ក្រុម​សាច់ញាតិ​ បាននាំគ្នា​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការ សុំ​ទាមទារ​សំណង​លុយសរុប​ជិត​១០​ម៉ឺន​ដុល្លារ ពី​ជនសង្ស័យ​ម្នាក់​ដែល​បាន​ឆបោកពួកគាត់មុនពេល​សមត្ថកិច្ច​ចាប់ខ្លួន​ ។ មិនតែប៉ុណ្ណោះជនសង្ស័យថែម​ទាំងបាន​បោក​ប្រពន្ធ​របស់ខ្លួន​ដោយយកនាង​ទៅ​ឲ្យ​រៀបការ​ជាមួយ​ប្រុស​ផ្សេង នៅឯ​ក្រុងភ្នំ​ពេញ​​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ជិត​២​ម៉ឺន​ដុល្លារ ក្រោមរូបភាព​រៀបការ ដើម្បី​ទៅ​នៅ​ប្រទេសក្រៅ​ទៀតផង ។

មន្រ្តីតុលាការខេត្តសៀមរាបបានឲ្យដឹងថា ​ជនសង្ស័យ​ ឈ្មោះ មាស រិទ្ធី ហៅ សែម សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ កំពុង​ជាប់ពន្ធនាគារ​ខេត្តសៀមរាប បន្ទាប់ពីសមត្ថកិច្ច​ខេត្តសៀមរាប​ចាប់ខ្លួន កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៨ តាម​បណ្តឹង​ប្រពន្ធ​របស់ខ្លួន​ (សុំមិនបញ្ចេញឈ្មោះ)។រីឯជនរងគ្រោះ​ចំនួន​៤​នាក់ ដែល​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​តុលាការនោះ ទី​១​ឈ្មោះ​ ប៉េះ ណូ ភេទ​ប្រុស​, ទី​២ ឈ្មោះ កាន់ ផ​ម ភេទ​ប្រុស​, ទី​៣​ឈ្មោះ ផ​ម ច្រិច ភេទ​ស្រី និង​ទី​៤​ឈ្មោះ​ជា សុខា ភេទ​ស្រី​។ ពួកគាត់​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​/​ខេត្តសៀមរាប​។

​ក្នុង​បណ្តឹង​របស់ជនរងគ្រោះទាំង​៤​ចុះ​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ សុទ្ធតែមាន​ខ្លឹមសារ​ដូចៗ​គ្នា ដោយប្តឹង​ឈ្មោះ មាស រិទ្ធី ហៅ សែម សំណាង ភេទ​ប្រុស​អាយុ​ប្រហែល​៣៣​ឆ្នាំ បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុង​ពន្ធនាគារ​ខេត្តសៀមរាប ពីបទ​ឆបោក​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប កាលពី​អំឡុង​ឆ្នាំ​២០១៤​ ហើយពួកគាត់​ទាមទារ​សំណង​សរុប​៨​ម៉ឺន​ដុល្លារ ដែល​ក្នុងនោះ​ពីរ​នាក់​២​ម៉ឺន​ដុល្លារ​និង​ពីរ​នាក់​ទៀត​៦​ម៉ឺន​ដុល្លារ និង​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ជន​ឆបោក​ទៅតាម​ច្បាប់​ ដោយសារ ចាញ់បោកជននេះតាមរយៈ​នាំ​ទិញ​ដីនិងបានតម្រូវ​ឲ្យ​យកលុយ​ទៅ​កក់ ម្តង​ពីរ​ទៅ​បី​ពាន់​ដុល្លារ រហូត​អស់​៨​ម៉ឺន​ដុល្លារ។ លុះ​ពេល​ទៅ​មើល​ដី​ជន​នោះ​កុហកថា​ជាប់រវល់​រហូត​។។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុម​ជនរងគ្រោះ​បញ្ជាក់ប្រាប់ថា ក្រោយពេល​បោក​ពួកគាត់​រួចហើយ ជន​ខាងលើ​បាន​បោក​ប្រពន្ធ​របស់ខ្លួន​ទៀត គឺ​បោក​នាង​យកទៅ​ឲ្យ​រៀបការ​ជាមួយ​ប្រុស​ផ្សេង នៅឯ​ក្រុងភ្នំពេញ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ជិត​២​ម៉ឺន​ដុល្លារ ក្រោមរូបភាព​រៀបការដើម្បី​ទៅ​នៅ​ប្រទេសក្រៅ​។ តាមពិត​ជននេះ បាន​រៀបការ​ជាមួយ​នាង ថែមទាំង​មាន​ចំណងដៃ​កូនតូច​ម្នាក់​ទៀតរួចទៅហើយ។
​ក្រោយ​ដឹងថា ប្តី​របស់ខ្លួន​បាន​បោកប្រាស់ ដោយ​នាំ​យកទៅលក់ និង​ដោយ​អត់ទ្រាំ​នឹង​ទង្វើ​បែបនេះ​មិនបាន ទើប​ប្រពន្ធ​សម្រេច​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួននៅថ្ងៃ​១៤ខែធ្នូឆ្នាំ២០១៨តែម្តង​៕សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here