ជិតចូលរោងការហើយ!បុរសម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតជាមួយរឺម៉កដួលត្រូវរថយន្តកិនចំក្បាលធ្លាយខួរស្លាប់ភ្លាមៗ

 ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ខណៈដែរនារីម្នាក់មកយំសោកស្ដាយគូរដណ្ដឹងរបស់ខ្លួនដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នៅតាមផ្លូវ២១៧ ជិតស្ពានដែកចំការដូង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ គ្រូល្បុក្កតោ ស្នាក់នៅបច្ចុប្បន្នក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ និងទីកន្លែងកំណើតនៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។និងមានគូរដណ្ដឹង ឈ្មោះ ពៅ ពិសិដ្ឋ អាយុ២២ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា ពេលកើតហេតុ ជនរងគ្រោះ(ស្លាប់)បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GN-7388 ព្រមទាំងដឹកមិត្តភ័ក្ត្រម្នាក់ទៀតនៅពីក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនល្មម ខណះមកដល់ចំណុចកើតហេតុស្រាប់តែទាក់ដៃចង្កូតជាមួយរុឺម៉កបណ្ដាលឲ្យដួលម៉ូតូ ស្របពេលមានរថយន្តមួយគ្រឿងផ្សេងទៀតមកពីក្រោយបានកិនចំក្បាលជនរងគ្រោះបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែង និងមិត្តភ័ក្ត្រម្នាក់អង្គុយពីក្រោយសន្លប់មួយសន្ធុះ (ស្រាល) ។

ក្រោយកើតហេតុភ្លាមៗរថយន្តបង្កនិងរុឺម៉កដែលបើកប៉ះម៉ូតូជាមួយជនរងគ្រោះ ពួកគេបានព្យាយាមបើកគេចខ្លួនបាត់ស្រមោលពីកន្លែងហេតុ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយធ្វើកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯម៉ូតូសមត្ថកិច្ចមូលដ្ឋានអូសយកទៅរក្សាទុក រងចាំប្រគល់ឲ្យសាច់ញាតិបងប្អូននៅពេលក្រោយ ។ គួរបញ្ចាក់ផងដែរថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត គឺរូបគាត់ជិតចូលរោងការហើយ នៅថ្ងៃចន្ទ ទី៧ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ៕ ខុង មីញ

 

Leave a Reply

Your email address will not be published. Required fields are marked *