បោះបង់ប្តីខ្មែរ ទៅស្នេហ៍ប្តីចិន​ក្លាយជាហិង្សា ស្លាប់ចិន របួសខ្មែររដូករណែល

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលពេញហាង ហូបចុក ដោយសារប្ដី​ដើម​ឃើញ​អតីត​​ប្រពន្ធ​​នៅ​ជា​មួយ​​សង្សារថ្មីជាជនជាតិចិន ​ក៏​ស្ទុះ​ទៅ​ចាក់​ជា​ច្រើន​កាំ​បិត ​បណ្ដាលឲ្យ​​បុរស​ជា​សង្សារ​​ស្លាប់ពេល​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​ ​ខណៈ​អតីត​ប្រពន្ធ​ និង​ម្ដាយ​ក្មេក​​រង​របួស​ធ្ងន់​ ចំណែក​ឯ​ជន​ដៃ​ដល់​ជាប្តីដើម​ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៧យប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានឲ្យដឹងមុននេះថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះបានស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សី ដោយសារបុរសដៃដល់ដែលធ្វើសកម្មភាព​ចូលចាក់សម្លាប់មនុស្សនេះ គឺជាអតីតប្ដីដែលគេស្គាល់ថាជាមន្ត្រីយោធារបស់នារីរងគ្រោះ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ​គេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជា​សង្សារ​ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅ​ស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។

ក្រោយពីធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់ខាងលើ​ បណ្ដាលឲ្យរងរបួសធ្ងន់​ហើយ​ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវ និងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ​ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដងដោយគ្មានសមត្ថកិច្ចណាទៅជួយធ្វើអន្តរាគមន៍ទាន់ឡើយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជន​​ រីឯបុរសជនជាតិចិន​ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​ នៅ​​មន្ទីរពេទ្យ​រុស្ស៊ីតែ​​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យបានតែបបន្តិច ៕ អូន ធួក

 

 

Leave a Reply

Your email address will not be published. Required fields are marked *