សន្តិសុខព្រលានយន្តហោះអន្តរជាតិសៀមរាបធ្វេសប្រហែស ទុកឲ្យមនុស្សដេកលើកង់យន្តហោះធ្លាក់ស្លាប់?

ខេត្តសៀមរាបៈ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ ចន្ទ ៩កើត ខែ មិគ​សិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយគេបាន​ប្រទះ​ឃើញមនុស្សម្នាក់ស្លាប់នៅ​ក្នុងព្រលានយន្តហោះអន្តរជាតិ ខេត្តសៀបរាប ដែលគេ​សង្ស័យថា ជនរងគ្រោះដេកនៅលើ កង់យន្តហោះហើយធ្លាក់ដល់ដីក្នុងកម្ពស់ជិត៣០​ម៉ែត្រ​ពេលយន្តហោះហោះឡើងបានបន្តិច ។យ៉ាងណាព័ត៌មាននេះត្រូវបានគេលាក់លៀម​ ក្រោយមាន​ការភ្ញាក់​ផ្អើល​នោះព្រោះ សាកសព ត្រូវបានគេដឹកចេញភ្លាមៗ យកទៅតម្កល់​ទុកនៅ​ក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប ដោយគេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពព័ត៌មានពីខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះនៅវេលាម៉ោង​២និង៣០នាទីរសៀលថ្ងៃដដែលនោះ កម្លាំងសមត្តកិច្ចជំនាញគ្រប់ផ្នែកនិង ក្រោមការសម្រប​សម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប និងមានការចូលរួមពីអ្នកគ្រប់​គ្រង​ព្រលានយន្តហោះផងនោះ​ បានចុះធ្វើការពិនិត្យសាកសព និងបើក​ការស៊ើបអង្កេតទៅលើ​៣​ចំណុច ដើម្បីស្វែងរកការសម្ភាសន៍ពីសាក្សី ពិនិត្យកន្លែងកើតហេតុ និងធ្វើការពិនិត្យទៅ​លើ​កាមេរ៉ា​សុវត្ថិភាពក្នុងករណីនេះផងដែរ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជាលទ្ធផលជាក់ស្តែង តាមការពិនិត្យលើកាមេរ៉ាសុវត្ថិភាព គឺនៅវេលាម៉ោង៥៖០៣នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ គេបានឃើញសកម្មភាព​បុរស​ម្នាក់ ដើរទៅរកយន្តហោះក្រុមហ៊ុន ស្កាយ​ បន្ទាប់មកក៏បន្តដើរទៅកាន់យន្តហោះក្រុមហ៊ុន JC ហើយបន្តទៅយន្តហោះ​កើតហេតុរបស់ក្រុមហ៊ុន ឡានម៉ី ហើយបុរសម្នាក់នោះ​ បានដើរ​ទៅដេកនៅក្នុងកន្លែងកង់របស់យន្តហោះនេះ​។ លុះដល់ម៉ោង១០និង២០នាទីព្រឹកថ្ងៃដដៃល យន្តហោះក៏បានធ្វើការហោះហើរឡើង ដោយមិនបានដឹងថា មានមនុស្សចូលទៅសម្ងំក្នុង​កង់យន្តហោះឡើយ។

តាមការបំភ្លឺពីសាក្សីឈ្មោះ​ លឿម​ រុំ​ ភេទប្រុស​ បានឲ្យដឹងថា​ នៅវេលាម៉ោងប្រហែល​១០និង​២០នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៨ ពេលខ្លួនកំពុងធ្វើការក៏បានឃើញយន្តហោះ ដែលកំពុង​តែហោះហើរ​មានកម្ពស់ប្រហែល៣០ម៉ែត្រ​ ស្រាប់តែឃើញមានមនុស្សម្នាក់ ធ្លាក់ពីកង់យន្ត​ហោះ ដែលមានចម្ងាយពីខ្លួនប្រហែល២០០ម៉ែត្រ​ ហើយយន្តហោះនោះ ក៏ហោះហើរ​បាត់​ទៅ។

តាមការពិនិត្យរបស់ជំនាញបច្ចេកទេស​ឃើញ សាកសពបុរសស្លាប់មានអាយុជាង៣០ឆ្នាំ មាន​បាក់ដៃជើងរយះ​ជើងភ្លៅ​ ហើយសាកសពមិនទាន់កំណត់អត្តសញ្ញាណបាននោះទេដោយ​ សមត្ថកិច្ចកំពុងបន្តស្វែងរកសាច់ញាតិ ។

មានការរិះគន់ពីមជ្ឈដ្ឋានទូទៅថា អ្នកគ្រប់គ្រងព្រលានយន្តហោះ ជាពិសេសក្រុមសន្តិ្តសុខ​តែម្តង ដែលមានការធ្វេសប្រហែស មិនពិនិត្យឲ្យបានដិតដល់ មុនអនុញ្ញាតឲ្យមនុស្សដើរ​ទៅជិត​យន្តហោះ ឬមុនយន្តហោះហោះឡើង ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *