លួងលោមផ្ញើរូបអាក្រាតតាមឆាតហ្វេសប៊ុក ពេលបានរូបភាពគំរាមទារលុយជាបន្តបន្ទាប់ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

0
28

ខេត្តកណ្តាល ៖  នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ កម្លាំង​នគរបាល​ព្រហ្ម​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តតាកែវ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គំរាម​ហែកកេរ្តិ៍(តាម​ទូរស័ព្ទ) កាលពី​ខែតុលា​ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល។

​ជនសង្ស័យ​ឈ្មោះ ចេង មិត្ត ភេទ​ប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ មុខរបរ កម្មករសំណង់ ប្រើប្រាស់ facebook ឈ្មោះ Ahmoa Tps និង ប្រើប្រាស់​លេខ​ទូរស័ព្ទ១.0712223640,២.071 7403444,៣.081 754442។រីឯជនរងគ្រោះ២នាក់ ទី១.ឈ្មោះ គ.គ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ និង​ទី២.ឈ្មោះ ជ .ធ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។
ចំណែក

សមត្ថកិច្ចជំនាញបានឲ្យដឹងថា កាលពី​អំឡុង​ខែតុលា ឆ្នាំ២០១៨ កន្លងទៅ​ជនរងគ្រោះ​ទាំង០២នាក់​នេះ មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ តាមរយ:ទូរស័ព្ទ និង​Facebook។ បន្ទាប់ពី​បាន​និយាយ​និង​ឆាត​ជាមួយគ្នា​ជា​ហូរហែ​មក បាន​ប្រមាណ​ជា១សប្ដាហ៍ ស្រាប់តែ​ជនសង្ស័យ ខាងលើ​បាន​សុំ​មើល​រូបថត​អាក្រាតកាយ​របស់​ជនរ​ង​គ្រោះ​ទាំង០២នាក់ (ម្នាក់​ម្ដង)មុន​ក្រោយ​គ្នា​ហើយ​ជនរងគ្រោះ ក៏បាន​ផ្ញើ​រូបអាក្រាត​កាយ​ទៅ​ឲ្យ​ជនសង្ស័យ​តាម រយះ​Account facebook ឈ្មោះ Ahmoa Tps។

បន្ទាប់ពី​មាន​រូបថត​អាក្រាតកាយ​នៅក្នុង​ដៃ​ហើយ​ជនសង្ស័យ​ក៏បាន​ទូរស័ព្ទ​សុំ​លុយ​ពី​ជនរងគ្រោះ​ទាំង០២នាក់​តែ​ជនរងគ្រោះ​ពុំ​ព្រម​ឲ្យ​ពេលនោះ​ជនសង្ស័យ​បាន​និយាយ​គំរាមថា​ទាញយក​រូបថត​អាក្រាតកាយ​របស់​ពួកគេ​ទាំង០២នាក់ បង្ហោះ​ចូលក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​Facebook។

ដោយមាន​ការភ័យខ្លាច​ជនសង្ស័យ​យក​រូបភាព​អាក្រាត​បង្ហោះ​ចូលក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម នារី​រងគ្រោះ​ទាំង០២នាក់​ខាងលើ ក៏បាន​ផ្ញើ​លុយ​ទៅ​ឲ្យ​ជនសង្ស័យ​តាមរយ:ភ្នាក់ងារ​វេរ​លុយ អ៊ី​ម៉ាន់​នី និង​wing ជា​បន្តបន្ទាប់​តាម​អ្វីដែល​ជនសង្ស័យ​ត្រូវការ​ពុំដែល​ខាន ដែល សរុប​ជា​ទឹកប្រាក់​ទាំងអស់​រួមមាន៖ ជនរងគ្រោះ​ទី១ អស់​ទឹកប្រាក់​សរុប ចំនួន១.៨០០.០០០រៀលនិង ៥០០ដុល្លារ​អាមេរិក។ ជនរងគ្រោះ​ទី២ អស់​ទឹកប្រាក់​សរុប ចំនួន១.៧០០ដុល្លារ​អាមេរិក និង​ប្រាក់រៀល​ចំនួន៦៤ម៉ឺន​រៀល។

លុះ​មកដល់​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ជនរងគ្រោះ​រកលុយ​ផ្ញើ​ឲ្យ​ជនសង្ស័យ​លែង​បាន​ទើប​មក​ដាក់ពាក្យ​បណ្ដឹង​នៅ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ជួយ​ស្រាវជ្រាវ​តាម​ចាប់​មុខសញ្ញា ដើម្បី​យកមក​បន្ត​ចាត់ការ​តាម​នីតិវិធី។

ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះទាំងពីរនាក់ភ្លាម នៅថ្ងៃទី២ ខែ មករា ឆ្នាំ ២០១៩ សមត្ថកិច្ចជំនាញបានស្រាវជ្រាវ​ស៊ើបអង្កេតដោយមាន​កិច្ចសហការ​ជាមួយ​នគរបាលខេត្ដ​តាកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ចំណុច​ភ្នាក់ងារ​wingវេរ​លុយ​ផ្សារ​អង្គរកា ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ។

ក្រោយឃាត់ខ្លួនបាន ជនសង្ស័យ​ឈ្មោះ​ចេង មិ​ត្ដ បាន​សារភាពថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ជនរងគ្រោះ​ទាំង ២ នាក់​ខាងលើ​តាមរយ:ឆាត Facebook ជាមួយគ្នា​។បន្ទាប់មក​បាន​លួងលោម​ជនរងគ្រោះ​ឲ្យ​ថតរូប​អាក្រាតកាយ​ផ្ញើ​ឲ្យ​គ្នា​មើលនិង ក្រោយមក​ក៏បាន​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ជា​បន្ដបន្ទាប់ ឲ្យ​ផ្ញើ​លុយ​មក​ឲ្យ​ខ្លួន បើ​មិន​ដូច្នោះ​ទេ​ខ្លួនគេនឹងនឹង បង្ហោះ​រូបអាក្រាត​កាយ​របស់ ជនរងគ្រោះទាំងពីរ ទៅក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​Facebook ឲ្យ​សាធារណ:ជន​បានឃើញទទួលការអាម៉ាស់ជាមិនខាន ។

បច្ចុប្បន្នជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជាបណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាននគរបាល​ខេត្តកណ្តាល​ដើម្បី​សាកសួរ​ចម្លើយ​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅសាលាដំបូងខេត្តវិនិច្ឆ័យទោសតាមច្បាប់ ៕សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here