ប៉ូលិសស័កិ្តតទាប ចាប់ប៉ូលិស ស័ក្តិ៤ ស័កិ្ត៥និងផ្កាយ១ ញាត់ចូលឡាន

ភ្នំពេញៈ មន្រ្តីប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ៤-៥នាក់ ក្នុងនោះមានទាំងផ្កាយ១ម្នាក់ផង  ត្រូវកម្លាំងប៉ូលិសប្រដាប់ដោយ អាវុធវែងខ្លី ដែលគេស្គាល់ថា ជាកម្លាំងប៉ូលិសតម្រួតបទបញ្ជាសកិ័តូចតាច ចាប់ក្រៀក បញ្ចូលឡានភ្លាមៗ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ នាយឧត្តសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យចាប់ ។

អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង បានប្រាប់ CamPost ថា នៅមុននេះបន្តិច ពិតជាមាន ប៉ូលិសតម្រួតបទបញ្ជាក្រសួងមហាផ្ទៃ ឃាត់លោកផ្កាយ១ មែន ប៉ុន្តែ លោកមិនច្បាស់ថា ជាករណីអ្វីអោយពិតប្រាកដនោះទេ។

តាមប្រភពព័ត៌មាន នៅម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ១០១៩ មុខឃ្លាំងបារីមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ូលិសពាក់ផ្កាយ១ម្នាក់ រួមនិងគ្នីគ្នា ៤ទៅ៥នាក់ ទៀតត្រូវបានកម្លាំងប៉ូលិសតម្រួតបទបញ្ជាក្រសួងមហាផ្ទៃ ចាប់ក្រៀក បញ្ចូលឡានភ្លាមៗ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ នាយឧត្តសេនីយ៍ នេត សាវឿន បានបញ្ជា ក្រោយពេលប៉ូលិសសេដ្ឋកិច្ច ៤-៥នាក់ ទាំងនេះ ចុះទៅកាន់ទីតាំងមួយកន្លែង ដែលប្រភពប្រាប់ថា ទៅបង្រ្កាបបទល្មើសសេដ្ឋកិច្ច ប៉ុន្តែមិនមានការសហការ ឬ រាយការណ៍ទៅថ្នាក់លើ ក្នុងនោះ គេដឹងថា មានឈ្មោះ ពៅ វណ្ណៈ ស្រ៊ុន រតនៈ តាំង គង់ និង ឈ្មោះ ឯម រតនា។

តាមប្រភពចុងក្រោយ មន្រ្តីប៉ូលិសដែលកម្លាំងតម្រួតបទបញ្ជា ឃាត់នោះ ត្រូវបានដោះលែងអោយទៅវិញហើយ ក្រោយពីបញ្ជាក់ហេតុផលច្បាស់លាស់ជាមួយថ្នាក់លើ។

ជុំវិញករណីចុះបង្រ្កាបបទល្មើសសេដ្ឋកិច្ច នៅក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្រោមបញ្ជាប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ផ្កាយ៣ ចាន់ វ៉ាន់ធឿន កន្លងមកមានការរិះគន់យ៉ាងច្រើន ថាការអនុវត្តន៍ច្បាប់មិនសូវសុក្រិត ពិសេសមិនមានការសហការ រវាងសមត្ថកិច្ច និង សមត្ថកិច្ចមូលដ្ឋាន៕  អូន ធួក

 

 

Leave a Reply

Your email address will not be published. Required fields are marked *