រថយន្តធុនត្រាបុកម៉ូតូគុបជ្រុងធ្លាក់ប្រឡាយ ស្លាប់​បុរស​ម្នាក់

0
38

ខេត្តកំពង់ស្ពឺ ៖   ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​ម៉ោង៥ល្ងាច ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅលើ​ផ្លូវជាតិ​លេខ៤១ ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់​ស្លាប់​លើគំនរសំរាមយ៉ាងអាណោចអាធ័ម ។

សាក្សីបានឲ្យដឹងថា ការគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AG-6186 បានបើក​បុក​ជាមួយនឹង​ម៉ូតូ​ម៉ាក​ហុងដាគុប​ជ្រុង សេ៧០ ពណ៌​ទឹកប៊ិច ស្លាក​លេខ ក.1924 ភព1 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សុខ ជា អាយុ៣៦ឆ្នាំ រស់នៅ​ភូមិ​រាំង ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​ធ្លាក់​ទៅលើ​ចិញ្ចើមផ្លូវ​ក្នុង​ប្រឡាយក្បែរគំនរសំរាមនិង ស្លាប់​ក្រោយ​បញ្ជូនទៅ​មន្ទីរពេទ្យ។ ចំណែក​អ្នកបើករថយន្ត​បង្ក បាន​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់បន្សល់ទុករថយន្តនៅកន្លែង​កើត​ហេតុ។

សាក្សីបានឲ្យដឹងទៀតថា ករណីនេះ​បណ្តាលមកពី រថយន្ត​និង​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា ​ក្នុង​ល្បឿន​លឿនដូចគ្នា និងខ្វះការប្រុងប្រយ័ត្ន។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរស្រុកបសេដ្ឋចុះទៅ​ធ្វើការ​វាស់វែង បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាមច្បាប់ និង​ប្រគល់​សព​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here