វែកមុខឃាតកជាប្រពន្ធ-កូនសម្លាប់ប្តីនិងឪពុក ចងថ្មទម្លាក់ទឹកបំបិទភស្តុតាង

ខេត្តស្ទឹងត្រែង​ ៖ ឃាតកដែល​សម្លាប់​បុរស​ម្នាក់​ដោយ​យក​ខ្សែ​ចង​ដុំថ្ម​រួច​ទម្លាក់​ចូលក្នុង​ទឹក​ទន្លេសេសាន​ត្រូវបាន​សមត្ថកិច្ច​ស្រាវ​ជាវ​ឃើញ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដល់​ទៅ​៣នាក់​ ​រួចហើយកាលពីថ្ងៃព្រហស្បត្តិ៍ ៣ កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​៧​ខែ​កុ​ម្ផៈ​ឆ្នាំ​២០១៩ ដែលឃាតកនោះ ជាប្រពន្ធនិងកូនរបស់ជនរងគ្រោះតែម្តង ។

មន្ត្រីនគរបាល ស្រុលសេសានបានឲ្យដឹងថា ​ជនរងគ្រោះ​ដែល​ត្រូវប្រពន្ធនិងកូនព្រួតគ្នាសម្លាប់នោះ ​ឈ្មោះ​ថង រិទ្ធី ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ​។ ​ចំណែក​ជនដៃដល់​ជា​កូន​មាន១-ឈ្មោះ រិទ្ធី សុ​មុន្នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​កូន​)​២-​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ម៉េ​ត អាប់​អាយុ​៣៣​ឆ្នាំ​(​ប្រពន្ធ​)​និង​អ្នក​ទី ៣-​ឈ្មោះ​ម៉េ​ត ​គី ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​(​ប្អូនថ្លៃ​)​ជនរងគ្រោះ​និង​ជនដៃដល់​មាន​ទីលំនៅ​ភូមិ​ភ្លុក​ឃុំ​ភ្លុក​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​ដូចគ្នា​។​

​សមត្ថកិច្ចដដែលបានឲ្យដឹង ថា​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​មាន​អ្នកនេសាទ​ត្រី​បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ទន្លេសេសាន​ដោយ​មានចងខ្សែ​ជាមួយដុំថ្មផង ​នៅ​ភូមិ​បាន​ប៉ុង​ឃុំ​ភ្លុក​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​។​ក្រោយពី​ឃើញសាកសពដែលសន្និដ្ឋានជាអំពើឃាតកម្មនោះ​សមត្ថកិច្ច​ជំនាញនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សហការ​ជាមួយ​នគរបាល​ស្រុក​សេសា​ន​ចុះ​ស្រាវជ្រាវភ្លាមៗ និងបាន​រកឃើញ​លាតត្រដាង​ដឹង​ពី​ការពិត​នៃអំពើឃាតកម្មនេះផងដែរ។​

​សមត្ថកិច្ចស្រាវជ្រាវដឹងថា នៅ​ថ្ងៃកើតហេតុ​ប្ដី​ស្រវឹង​បាន​ឈ្លោះ​និង​ប្រពន្ធ​រួមទាំង​កូន​ហើយ​ពេលដែល​ឈ្លោះ​គ្នា​នោះ​ឪពុក​បាន​យក​ដំបង​បម្រុង​វាយ​ទៅលើ​កូន​តែ​កូន​ចាប់យក​ដំបង​បាន​ក៏​វាយ​ទៅលើ​ឪពុក​ចំនួន​២​ដំបង​ចំក្បាល​ផ្នែក​ខាងក្រោយ​។ ​មួយ​ដំបង​ទៀត​ចំ​ស្មា​ធ្វើ​ឲ្យ​ឪពុក​ដេក​ស្ដូកស្ដឹង​ស្លាប់​ភ្លាមៗ​នៅលើផ្ទះ​តែម្ដង ​។​

​ក្រោយឃាត់ខ្លួនស្ត្រី​ត្រូវជា​ប្រព​ន្ធ​ជនរងគ្រោះ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​ ក្រោយ​កើតហេតុ​ជនដៃដល់​ជា​កូន​បាន​យក​អាវនិងខ្សែចងសព​ឪពុកស្លាប់សណ្ដូន​ជាមួយ​ថ្ម​ជាច្រើន​ដុំ​ទម្លាក់​ចូលទៅក្នុង​ទឹក​ទន្លេសេសាន​មួយថ្ងៃ​មុន​។​លុះដល់​ថ្ងៃទី​៤​ខែកុម្ភៈ​ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​សាកសព​អណ្ដែត​ក្នុង​ទន្លេ​ដែលមាន​ខ្សែ​ចង​ដុំថ្ម​ជាច្រើន​ដុំ​ក៏បាន​រាយការណ៍​ទៅដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​។​

បន្ទាប់មកសមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​រកឃើញថា​សាកសព​ត្រូវបាន​គេ​សម្លាប់​ចង​និង​ថ្ម​សណ្ដូន​ទម្លាក់​ទឹក​ហើម​ស្អុយ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ក្រោយពីស្រាវជ្រាវ យ៉ាងល្អិតល្អន់​មនុស្ស​បីនាក់​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​នេះ​ត្រូវបាន​ឃាត់ខ្លួន​ក្នុងនោះ​មានកូន​ប្រុស​ស្ត្រី​ជា​ប្រពន្ធ​និង​ប្អូនថ្លៃ​នាំខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សេសា​ន​និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​។​​បន្ទាប់ពី​មានការ​សាកសួរ​ជនដៃដល់​ជា​កូន​មិន​ត្រូវបាន​សារភាពថា​ខ្លួន​បានសម្លាប់​ឪពុក​នោះទេ​។​ចំណែកម្ដាយ​បាន​សារភាព​ថា ​នៅ​ថ្ងៃកើតហេតុ​ប្តី​របស់គាត់ស្រវឹង​ឈ្លោះ​ជាមួយ​គាត់​និង​កូន​ហើយប្តី ​បាន​យក​ដំបង​បម្រុង​វាយ​គាត់​ធ្វើឲ្យកូនប្រុសខឹង បាន​ស្ទុះ​ទៅ​ឆក់យក​ដំបង​ពី​ដៃឪពុក​វាយ​ទៅលើ​ឪពុក​ចំនួន​២​ទៅ​៣​ដំបង​បណ្ដាល​ឱ្យស្លាប់​តែម្ដង​។​ក្រោយមក​យកសព​ជនរងគ្រោះ​ចុះទៅ​ក្នុង​ទន្លេ​និង​ចង​សណ្តូន​ថ្ម​ទម្លាក់​ទឹក​ដើម្បី​បំបាត់ភស្តុតាង​។​

ស្ត្រី​ជា​ប្រពន្ធ​បាន​សារភាពទៀតថា​ប្ដី​គាត់​ពិតជា​ត្រូវ​បានកូន​វាយ​នឹង​ដំបង​ពិតប្រាកដ​មែន​។​នៅក្នុង​ហេតុការណ៍​នោះ​ក៏មាន​ប្អូនថ្លៃ​របស់គាត់​ម្នាក់​ពេលដែល​ឈ្លោះ​គ្នា​ក៏មាន​វត្ត​មាននៅ​ទីនោះ​ដែរ​តែ​មិនបាន​ពាក់ព័ន្ធ​ក្នុងករណី​ឃាតកម្ម​នោះទេ​។ ​យ៉ាងណាជនសង្ស័យ​ទាំងបី​នាក់​ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះត្រូវបាន​សមត្ថកិច្ច​កំពុង​សាកសួរ​នៅ​ឡើយនិង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០១៩ ដើម្បីចាតការតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *