ផ្អើលនាំគ្នាចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

0
30

ភ្នំពេញ៖មនុស្សម្នាជាច្រើនមានចាស់មានក្មេងបាននាំគ្នាទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតយ៉ាងពពាក់ពពូន​ បើទោះបីអ្នកខ្លះមិនមានឆ្កែឆ្មាខាំក៏ដោយ ក៏ពួកគេនាំគ្នាសម្រុកទៅចាក់​ថ្នាំការពារ​ឲ្យហើយខណៈ ដែលកន្លងមកពុំសូវមានគេចាប់អារម្មណ៍ពីប្រភេទជំងឺមួយនេះឡើយ ។

ការភ្ញាក់ផ្អើលយ៉ាងពពាក់ពពូននាំគ្នាទៅចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នេះ បានកើតមានឡើងក្រោយពីកន្លងមកថ្មីៗនេះ មានស្រី្តម្នាក់រស់នៅខេត្តកំពង់ចាម ត្រូវឆ្កែ ខាំហើយមិនព្រមទៅចាក់ថ្នាំការពារ ធ្វើឲ្យ៩ថ្ងៃក្រោយមកនាងត្រូវបាត់បង់ជីវិត និងមួយករណី ទៀត ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ត្រូវសត្វឆ្មាខាំនិងក្រញ៉ៅ មិនបានយកចិត្តទុកដាក់ពីអាណា​ព្យាបាលដោយគ្រាន់តែចាក់ថ្នាំការពារត្រឹមពេទ្យភូមិបានម្តងគត់។ លុះប៉ុន្មានខែក្រោយមក ក្មេងស្រីរូប​នេះក៏ត្រូវជំងឺរើ ព្យាបាលមិនទាន់ នាងបានបាត់បង់ជីវិតដែរ ។

ជាក់ស្តែងនៅព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី២១ ខែ កុម្ភៈ ឆ្នាំ ​២០១៩មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំកូនចៅទៅ​ចាក់ថ្នាំបង្ការ​ជំងឺ​ឆ្កែឆ្កួត នៅវិទ្យាស្ថានប៉ាស្ទ័រ​កម្ពុជា ក្រោយផ្ទុះករណីមានអ្នកស្លាប់ដោយសារឆ្កែឆ្មាខាំក្រញ៉ៅ។

អ្នកជំនាញផ្នែកសុខាភិបាលធ្លាប់បានពន្យល់ថាការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតឲ្យមានប្រសិទ្ធភាពនោះគឺធ្វើឡើងបន្ទាប់ពីឆ្កែឆ្មាខាំត្រឹមរយៈពេល៤៨ម៉ោងតែប៉ុណ្ណោះ ហើយត្រូវចាក់រយៈ​យ៉ាង​តិច៣ដង តាមការកំណត់របស់គ្រូពេទ្យជំនាញ។តែបើឆ្កែខាំរយៈ​ពេលយូរមកហើយការ​ចាក់​ថ្នាំមិន​មានប្រសិទ្ធភាពនោះទេ។ប៉ុន្ដែសម្រាប់ប្រជាពលរដ្ឋណាដែលមិនធ្លាប់ឆ្កែខាំ​អាចមក​ចាក់​ថ្នាំ​បង្ការបានដែរ។តាមការបញ្ជាក់មន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ជុំវិញទិដ្ឋភាពប្រជា​ពលរដ្ឋជាច្រើននាក់ ដែលបាននិងកំពុងនាំកូនចៅរបស់ខ្លួនមកចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនេះ ទាំងព្រឹកនិងល្ងាចនេះគិតជាមធ្យមមួយថ្ងៃ៣០០ នាក់ ខណៈដែលមិនទាន់មានការភ្ញាក់ផ្អើល គិតជាមធ្យមមានតែ៥០នាក់នោះ ។

ក្រុមគ្រូពេទ្យជំនាញ បានធ្វើការពន្យល់ថា

 

ជំងឺឆ្កែឆ្គួត គឺជាជំងឺបង្កដោយវីរុសឈ្មោះ Rabies Virus ឬក៏អាចហៅម្យ៉ាងទៀតថា Rabies Lyssavirus ដែលមានក្នុងទឹកមាត់សត្វដូចជា ឆ្កែ ឆ្មា ស្វា កណ្តុរ ប្រជៀវជាដើម -ល-។ ជំងឺនេះអាចចម្លងតាមរយៈ ការខាំ ខ្វាច ក្រញ៉ៅ ឬក៏លិឍកន្លែងដែលមានរបួស ឬដាច់រលាត់​នៅ​លើ​ស្បែក ដែលជាហេតុធ្វើឲ្យ វីរូសប្រភេទនេះឆ្លង​ចូលតាមចរន្តឈាមទៅក្នុងខួរឆ្អឹងខ្នង និងបន្តទៅខួរក្បាល ជាហេតុធ្វើឲមានកើតជំងឺរលាកខួរក្បាល (Encephalitis)។ ជំងឺឆ្កែឆ្កួត គឺជាជំងឺដែលកាចសាហាវបំផុតដែលអាចសម្លាប់ជីវិតមនុស្សបានយ៉ាងងាយ ប្រសិនបើយើងមិនមានវិធានការការពារ ឬ ប្រញាប់ប្រញាល់ទៅចាក់វ៉ាក់សាំងបង្ការ (Rabies Vaccin) ឲ្យទាន់ពេល។ បុគ្គលណាដែលកើតជំងឺនេះហើយ គឺមិនអាចព្យាបាលបានទេ មានតែរង់ចាំថ្ងៃស្លាប់តែប៉ុណ្ណោះ ក៏ប៉ុន្តែយើងមានវិធីដើម្បីការពារកុំឆ្លងជំងឺនេះបាន ដោយមានប្រសិទ្ធភាពខ្ពស់បំផុតគឺ ១. វិធីការពារជំងឺឆ្កែឆ្គួត ជៀសវាងឆ្កែ ឬ ឆ្មាដែលផ្ទុកមេរោគ ខាំ លិត ឬ ក្រញ៉ៅ ឬត្រូវចាក់វ៉ាក់សាំងទាំងអ្នកចិញ្ចឹម (មនុស្ស) និង សត្វចិញ្ចឹម (ឆ្កែឆ្មា) ២. របៀបបង្ការជំងឺឆ្កែឆ្កួតបន្ទាប់ពីឆ្កែឬឆ្មាខាំ លិឍ ឬក្រញ៉ៅ លាងកន្លែងខាំ លិឍ ឬ ក្រញ៉ៅភ្លាមៗ ជាមួយសាប៊ូ និងទឹក រយៈពេលយ៉ាងតិច ១៥ នាទី -បន្ទាប់មក សម្លាប់មេរោគកន្លែងមុខរបួស ដោយប្រើអាល់កុល (alcohol) ឬ សូលុយស្យុងអ៊ីយូឌីន (Iodine) ឬក៏បេតាឌីន (Betadin)បើមាន។ត្រូវពិគ្រោះជាមួយគ្រូពេទជាបន្ទាន់ ឬទៅរកសេវាមូលដ្ឋាន ដើម្បីចាក់ថ្នាំបង្ការដែលនៅជិតលោកអ្នកបំផុត កុំទុកលើសរយៈពេល ១ អាទិត្យ។ សូមបញ្ជាក់ថាជំងឺនេះឆ្លងតាមទឹកមាត់សត្វណាដែលមានផ្ទុកវីរុសឆ្កែឆ្កួតប៉ុណ្ណោះ មិនមែនរាល់សត្វឆ្កែ ឆ្មា ស្វា ប្រជៀវខាំ សុទ្ធតែត្រូវឆ្លងជំងឺនេះទាំងអស់នោះទេ តែដើម្បីសុវត្ថិភាព ត្រូវទៅពិគ្រោះយោបល់នៅមណ្ឌលសុខភាព មន្ទីរពេទ្យ ឬក៏កន្លែងផ្តល់សេវាថែទាំសុខភាពនានា ដែលនៅជិតផ្ទះលោកអ្នកបំផុត។ សម្រាប់អ្នកដែលត្រូវសត្វខាំតែមិនបានចាក់ថ្នាំបង្ការភ្លាមៗ ឬមិនបានចាក់ថ្នាំបង្ការរយៈពេលយូរហើយ(ឧទាហរណ៍ ៦ខែ ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ…..)គឺគ្មានបញ្ហានោះទេ ព្រោះមិនមែនគ្រប់បណ្តាសត្វទាំងអស់ដែលបានរៀបរាប់ខាងលើ សុទ្ធតែផ្ទុកមេរោគជំងឺឆ្កែឆ្កួតទាំងអស់នោះឡើយ ដូច្នេះហើយ វាមិនមានអ្វីដែលធ្វើឲអ្នកចេះតែឆ្លងជំងឺនេះបានឡើយ សូមកុំព្រួយបារម្ភឲ្យ សោះ ប៉ុន្តែដើម្បីបង្ការ គប្បីត្រូវតែអុវត្តន៍តាមវិធីខាងលើនេះជាចាំបាច់។

មន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា វាក់សាំងការពារជំងឺឆ្កែឆ្កួតមានគ្រប់គ្រាន់ ដូច្នេះបើបង ប្អូនមានឆ្កែ ឆ្មា ខាំឬក្រញ៉ៅ ប្រញាប់ទៅចាក់ថ្នាំការពារនៅមន្ត្រីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកុំខាន៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here