ឱសថបុរាណនិងសម័យចិនជំនួយផ្លូវភេទបង្កើនភាពស្រើបស្រាលខុសច្បាប់ចំនួន ១៨១៦០គ្រាប់ត្រូវបានរឹបអូសត្រៀមកម្ទេចចោល

ភ្នំពេញ៖ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើ នៅថ្ងៃ អង្គារ ៥កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យ​ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)  ដើម្បីបង្ហាញអំពីការចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរហាងលក់ឱសថ​បុរាណ​ចិនចំនួន ៣ទីតាំង។ ប្រតិបត្តិការនេះធ្វើឡើងតាំង ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាលដឺហ្គោល) ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបានរកឃើញឱសថជំនួយផ្លូវភេទបង្កើនភាពស្រើប​ស្រាល (ថ្នាំសម្រើប) មិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឱ្យនាំចូលហួសកាល​បរិច្ឆេទ​កំណត់ និងត្រូវបានហាមឃាត់ដោយច្បាប់ជាង២ម៉ឺនគ្រាប់ឯណោះ ។

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា បាន​ថ្លែងថា សមត្ថកិច្ចជំនាញបានរឹបអូសបានឱសថ បុរាណចិនសម័យ ជំនួយផ្លូវភេទបង្កើន​ភាព​ស្រើបស្រាល ខុសច្បាប់បានចំនួន ១៨១៦០គ្រាប់ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់​ដល់សុខភាព និងសុវត្ថិភាពសង្គម។ លោកបានបញ្ជាក់ថា ឱសថបុរាណចិន សម័យដែលរឹប​អូសបានចំនួន ១៨១៦០ គ្រាប់ ជាឱសថជំនួយផ្លូវភេទបង្កើនភាពស្រើបស្រាល (ថ្នាំសម្រើប) មិនបានចុះបញ្ជីការ គ្មានលិខិតអនុញ្ញាតឱ្យនាំចូល ហួសកាលបរិច្ឆេទកំណត់ និងត្រូវបាន​ហាម​​ឃាត់ដោយច្បាប់។

លោកលោក មៀច សុផាន់ណាបន្ថែមថា ម្ចាស់ទីតាំងទាំង៣ ត្រូវបានកម្លាំងពិសេស នៃគណៈ​កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ កំពុងកសាងសំណុំរឿង សហការជាតុលាការ​ដើម្បីកំណត់ស្ថានទោស។ ក្រោយពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ក្រោមការឯកភាព​ពីព្រះ​រាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យផ្អាកអាជីវកម្មទាំង៣ទីតាំង ជា​បណ្តោះអាសន្ន ហើយសមត្ថកិច្ច កំពុងបន្តសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាម​នីតិវិធី បន្ទាប់ពីស្រាវជ្រាវដឹងថា ឱសថទាំងនេះ មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ទេ។ ប្រសិនបើរកទៅ ឃើញថា ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ហើយបើថ្នាំទាំងនេះ ជាប្រភេទ​ភ្ញោចអារម្មណ៍ ផ្លូវភេទវិញ នោះតាមច្បាប់កម្ពុជាអ្នកជួញដូរ នឹងត្រូវប្រឈមមុខជាប់ពន្ធនា​គារពី៥ឆ្នាំ ទី១០ឆ្នាំ និងពិន័យជាប្រាក់ចំនួន៥០លានរៀល។ ប៉ុន្តែទោះយ៉ាងណាម្ចាស់ទីតាំង​ទាំង៣ ដែលគេស្គាល់ថា ជាកន្លែងលក់ឱសថសម័យបុរាណចិន ដ៏ធំនោះត្រូវបានដាក់ក្នុងការ​ឃ្លាំមើលពី សមត្ថកិច្ច និងតុលាការដោយរង់ចាំការស្រាវជ្រាវប្រមូលព័ត៌មាន និងការ​ពិសោធន៍​រក​លទ្ធផលគ្រប់ជ្រុងជ្រោយ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា បច្ចុប្បន្ន ឱសថដែលបម្រើឱ្យតម្រូវការផ្លូវភេទជាច្រើនទៀត​ត្រូវបានគេដាក់លក់តាមប្រព័ន្ធអនឡាញយ៉ាងព្រោងព្រាតរួមមានក្នុង គេហទំព័រ និងបណ្តាញសង្គមហ្វេស ប៊ុកជាដើម។ ក្នុងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាម​បច្ចេកទេសជំនាញ ដើម្បីឈានទៅចាត់វិធានការដល់អ្នកឃោសនាលក់ឱសថបម្រើផ្លូវភេទ​តាមអនឡាញនេះ ។ ប្រធានគណៈកម្មការមួយនេះបានអំពាវនាវដល់ពលរដ្ឋខ្មែរផងដែរ សុំឱ្យ​ចៀសវាងការប្រើប្រាស់ឱសទាំងអស់នេះនឹងព្យាយាមប្រតិបត្តិផ្លូវភេទបែបធម្មជាតិវិញ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *