តាមស៊ីហ៊្សីននារីចម្រៀងមិនបានថៅកែដំឡើងឆាកតាមព្យាបាទគ្មានទីបញ្ចប់

 ភ្នំពេញ៖ជីវិតជានារីអ្នកចម្រៀងអាជីពពិតជាត្រូវឆ្លងកាត់ឆាកជីវិតជូរចត់ពោរពេញដោយរឿងអាស្រូវនិងការឈ្នានីសពីបុរសស្រេកឃ្លានតណ្ហាមួយចំនួន។ ការបណ្តែតខ្លួនលើក្បូន​សិល្បៈ​តាមរយៈទឹកដមសំឡេងនិងរូបសម្ផស្សផងនោះធ្វើឲ្យបុរសខ្លះនាំគ្នាលេងសើចតាមលែបខាយប្រលោមស្នេហា​ពីតារាចម្រៀងរូបស្រស់មិនសូវដាច់ និងខ្លះទៀតសុំស្នេហ៍មិនបានបែរជា តាមយាយីមិនឲ្យនាងប្រកបអាជីព​ជាអ្នកចម្រៀង​បានសុខ​ស្រួលឡើយ។

ជាក់ស្ដែងដូចជារឿងពិតមួយនេះនារីម្នាក់នេះព្រោះតែភាពក្រីក្រនាងបានជាចាប់យកអាជីពជាអ្នកចម្រៀងសម្តែងក្នុងកម្មវិធីប្រគំតន្រ្តី(ខនសឺត)តាមខេត្តក្រុងនានាគ្រាន់បានប្រាក់បន្តិចបន្តួចយកមកចិញ្ចឹមឪពុកម្ដាយចាស់ជរានិងចិញ្ចឹមប្អូនបង្កើត២នាក់រស់នៅក្នុងបន្ទុកបានរៀនសូត្រខ្ពង់ខ្ពស់នឹងគេ។ប៉ុន្តែមិននឹកស្មានថាការលះបង់កម្លាំងកាយចិត្តតស៊ូដើម្បីគ្រួសារនេះត្រូវបានថៅកែដំឡើងឆាកតន្ត្រីខនសឺតម្នាក់មកតាមយាយីជីវិតរបស់នាងគ្មានទីបញ្ចប់ឡើយ។ការយាយីជីវិតនាងនេះគឺលោកថៅកែរូបនេះបានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង១ឆ្នាំមកហើយ តែនាងមិនព្រមដាច់ខាតព្រោះដឹងថា គាត់មានប្រពន្ធនិងកូន២នាក់រួចទៅ​ហើយ​មិន​បង្កើតឲ្យមានស្នេហាត្រីកោណស្អីនោះទេ។អ្វីដែលគួរឲ្យហួសចិត្តទៀតនោះការបដិសេធ​ស្នេហ៍របស់នាងបានធ្វើឲ្យលោកថៅកែចិត្ត​ឃោឃៅម្នាក់នេះស្តាប់មិនចូលត្រចៀករួចថែម​ទាំង​មានគំនិតតាមឈ្នានីស​យាយីមិនឲ្យនាងបានសុខស្រួលឡើយ​ ។​ផ្ទុយទៅវិញថែមទាំង​បានប្រើអំពើហិង្សាដាក់នាង ពេលនាងចេញទៅប្រគំតន្រ្តីតាមបណ្តាខេត្ត ក្រុងរហូតមានរបួស​ស្នាម​ចំនួន៤លើកមកហើយនិងដោយចុងក្រោយនេះនាងទ្រាំលែងបានក៏សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌។ ថ្លែងដោយទឹកមុខក្រៀមក្រំលាយជាមួយការបង្ហូរទឹកភ្នែកជោកថ្ពាល់ផងនោះ កញ្ញា ប្រាក់​ផាន់នី ហៅអមរា អាយុ១៩ឆ្នាំ ជាអ្នកចម្រៀងក្នុងកម្មវិធីខនសឺតនានានិង ជាអ្នក​ច្រៀងក្នុង​កម្ម​វិធីកីឡារបស់ស្ថានីយទូរស្សន៍CNC បានរៀបរាប់ថា នាងពិតជាទទួលយកមិនបានឡើយ​ចំពោះ​លោក ហុង ហ្សែន អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងបុរីឡាយគង់ ស្ថិតក្នុង ភូមិមរ័ សង្កាត់-ខណ្ឌដង្កោ ជាថៅកែដំឡើងឆាកតន្ត្រីខនសឺត ដែលតាមយាយីជីវិតនាងមិនឲ្យរស់សុខស្រួល និងមិនឲ្យនាងប្រកបរបរជាអ្នកចម្រៀងគ្រាន់បានប្រាក់យកមកចិញ្ចឹមជីវិតនិង គ្រួសារនោះ។ នាងថា រយៈពេលជាង១ឆ្នាំមកនេះ ដោយសារសុំស្នេហ៍ពីនាងមិនបានលោក ហុង ហ្សែន តែងតាមព្យាបាទនិងប្រើអំពើហិង្សាដាក់នាងចំនួន៤លើកមកហើយ ។

កញ្ញា ប្រាក់ ផាន់នី បានរៀបរាប់ទាំងទឹកភ្នែកទៀតថាកន្លងមកនាងបានចាប់យកអាជីព​ជាអ្នក​ចម្រៀងច្រៀងនៅក្នុងកម្មវិធីខនសឺត ធ្វើឲ្យនាងបានស្គាល់លោកហុង ហ្សែន ដែលជាថៅ​កែ​ដំឡើងឆាកខនសឺតមានភាពស្និទ្ធស្នាលក្នុងនាមជាអ្នករាប់អានគ្នាក្នុងរបរជាអ្នកសិល្បៈ​ដូចគ្នា​ប៉ុណ្ណោះ ។ ប៉ុន្តែនាងស្មានមិនដល់ថា ការរាប់អានគ្នាជាធម្មតាបែរជាថៅកែម្នាក់នេះ មាន​តណ្ហាក្រាស់​តាមលួង​លោមសុំស្នេហ៍ពីនាង ម្ដងហើយម្ដងទៀតគ្មានពេលស្រាកស្រាន្ត ទោះបី នាង​បដិសេធមិនទទួលយកព្រោះតែមិនលេងល្បែងស្នេហាត្រីកោណយ៉ាងណាក៏ដោយ ។​ព្រោះតែការបដិសេធរបស់នាងជាបន្តបន្ទាប់យ៉ាងនេះ បានធ្វើឲ្យលោក ហុង ហ្សែន គំរាមនាង​ថា “បើអញយកនាងឯងមិនបានទេ អ្នកណាក៏មិនអាចយកនាងឯងបានដែរ អញនឹងតាមព្យា​បាទនាងឯងរកទីបញ្ចប់គ្មានឡើយ”។ ទីបំផុតការគំរាមនេះ លោកថៅកែរូបនេះធ្វើបានមែន ដោយតាមឈ្នានីសព្យាបាទ និងប្រើអំពើហិង្សាដាក់នាងចំនួន៤លើកមកហើយ ។

កញ្ញា ប្រាក់ ផាន់នី បានបន្តថា ការប្រើអំពើហិង្សាដាក់នាងចំនួន៤លើកនោះគឺលើកទី១ នៅ​ខេត្តក្រចេះ , លើកទី២នៅខេត្តស្វាយរៀង និងលើកទី៣ នៅក្រុងប៉ោយប៉ែត ដែលពេលនោះ​នាងត្រូវលោក ហុង ហ្សែន វាយបែកក្បាលដេរអស់៥ថ្នេរទៀតផង ។ ក្រោយពីមានអំពើ ហិង្សា​​​នេះកើតឡើង នាងបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយដោះស្រាយ តែពេលនោះ​ប្រពន្ធរបស់លោកហុង ហ្សែន បានមកលើកដៃសំពះអង្វរនាង សូមឱ្យនាងដក​ពាក្យ​​បណ្ដឹង​វិញ ព្រោះបើប្ដីជាប់គុកគ្មានអ្នកណាជួយចិញ្ចឹមកូនទេ ហើយដោយនាងទន់ចិត្ត និងមានមនោសញ្ចេតនាចំពោះប្រពន្ធលោកហុង ហ្សែន នាងក៏សុខចិត្តដកពាក្យបណ្ដឹងវិញ ដោយគ្មានទទួល​សំណងមួយសេនណាឡើយ។ លុះរហូតមកដល់យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ថ្មីៗនេះ ថៅកែស្រេកឃ្លានតណ្ហារូបនេះនៅតែមិនអស់ចិត្ត បានតាមយាយី​នាងម្តង​ទៀត ខណៈនាង​ចូល​រួមសម្តែងក្នុងកម្មវិធីសិល្បៈ នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយពេលនោះ​នាង​ច្រៀង​​ចប់កំពុងដើរចុះមកក្រោយឆាក ស្រាប់តែថៅកែបានដេញវាយ​នាង​ផ្អើលគេ​ផ្អើល​ឯងធ្វើឲ្យ​​នាង​មាន​កាអាម៉ាស់ចំពោះមុខមហាជនឈរមើល​យ៉ាងត្រៀប​ត្រា​។ ពេលនោះបើកុំ​តែ​មានគេជួយ​ធ្វើ​អន្តរាគមន៍ទាន់ច្បាស់ជានាងរងរបួសធ្ងន់ ឬអាចបាត់បង់​ជីវិត​ផងដែរក៏មិនដឹង។ នេះជាលើកទី៤ ហើយដែលឈ្មោះហុង ហ្សែន បានប្រើ​អំពើហិង្សា​ដាក់​នាង ហើយម្ដងនេះនាងលែងមានការអនុគ្រោះទៀតហើយ ទើបសម្រេចចិត្តដាក់​ពាក្យ​បណ្ដឹង នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោជួយរកយុត្តិធម៌ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងមកនេះដោយទាមទារសំណងជំងឺចិត្តចំនួន៣ ម៉ឺនដុល្លារ ទើបនាងសុខចិត្ត ។

កញ្ញាបន្តថា ស្ថិតក្នុងភាពក្រីក្រគ្មានទីពឹងនិងគ្មានលុយជួលមេធាវីការពារក្តីនោះ នាងបាន​អំពាវ​នាវដល់អ្នកស្រឡាញ់យុត្តិធម៌ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ជួយរាស្ត្រក្រីក្រ និងលើកកម្ពស់តម្លៃស្ត្រី ដោយបង្កើតឲ្យមានក្រុមមេធាវីជួយជនក្រីក្រ មេត្តាជួយរកយុត្តិ ធម៌​ដល់នាងផង ព្រោះថាទង្វើរបស់លោក ហុងហ្សែន មកលើនាង ជាការរំលោភលើស្ត្រី​ភេទ​ទន់​ខ្សោយ រំលោភសិទ្ធិនារីធ្ងន់ធ្ងរ ពោលគឺបានរំខានការប្រកបរបរចិញ្ចឹមជីវិតរបស់នាង ដើម្បី​បាន​ប្រាក់តិច​តួចមក​ចិញ្ចឹម​ឪពុកម្តាយ និងប្អូនបានរៀនសូត្រតែប៉ុណ្ណោះ។ ការយាយីនេះដែរ បានធ្វើឲ្យនាងបាក់ស្បាតខ្លបខ្លាចលោក ហុង ហ្សែន ខ្លាំងណាស់ សូម្បីគេជួលទៅសម្តែង​ក្នុង​កម្មវិធីប្រគំតន្ត្រីនៅមជ្ឈមណ្ឌលកម្សាន្ត ប្លាហ្សា កៀនស្វាយ ចាប់ពីថ្ងៃទី២០ដល់២៦ខែឧសភា ឆ្នាំ២០១៩ ក៏នាងមិនហ៊ានចេញទៅសម្តែងដែរ ឃើញថាខូចប្រយោជន៍ច្រើនណាស់ ។

ទាក់ទិនចំពោះការលើកឡើងរបស់កញ្ញា ប្រាក់ ផាន់នី ខាងលើនេះ ភ្នាក់ងារអង្គភាពកាសែត​នគរវត្តមិនអាចសុំការបកស្រាយពីលោក ហុង ហ្សែន បានទេដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក ស សោភ័ណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដង្កោបានប្រាប់​អ្នក​យក​ព័ត៌មានកាសែតនគរវត្តកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះថា លោកពិតជា​បាន​ទទួល​ពាក្យបណ្ដឹងពីកញ្ញា ប្រាក់ ផាន់នី ប្រាកដមែន តែដោយរកដំណោះស្រាយរវាងភាគី​ទាំងពីរមិនបាន លោកបានបញ្ជូនសំណុំរឿងនេះទៅកាន់​បញ្ជាការដ្ឋានកង​រាជអាវុធហត្ថរាជ​ធានីភ្នំពេញដើម្បីដោះស្រាយបន្តរួចហើយដែរ ៕ ប្រពៃ

Leave a Reply

Your email address will not be published. Required fields are marked *