បំបែកសំណុំរឿងឃាតកម្មសម្លាប់មិត្តភ័ក្តិប្លន់យក​ទ្រព្យសម្បត្តិ

0
43

ខេត្តបាត់ដំបង ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង និងដោយបានការសម្រប​សម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអម សាលា​ដំ​បូងខេត្ត បានបំបែក​សំណុំ​រឿងឃាតកម្មសម្លាប់មិត្តភ័ក្តិរបស់ខ្លួនឯងក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក​ទ្រព្យសម្បត្តិដោយឃាត់​ខ្លួនជនសង្ស័យ២នាក់  ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវ​នឹង​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្ត និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែន​ការងារព្រហ្មទ័ណ្ឌ សហការជាមួយស​មត្ថកិច្ចនគរបាលនាយកដ្ឋានជំ នាញនៃអគ្គស្នង​ការ​ដ្ឋាន​នគរបាលជាតិ កម្លាំងនគរបាលនៃអធិការដ្ឋាន​ន​គ​របាលស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ដោយបាន ធ្វើការស្រាវ ជ្រាវរហូតឈានទៅធ្វើការ​ឃាត់​ខ្លួនបានជន សង្ស័យជាបុរសចំនួន ២ នាក់ ដែលជាជនដៃដល់ក្នុងករណី​សម្លាប់មិត្តភ័ក្តិ​របស់ខ្លួនក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក​ទ្រព្យសម្បត្តិកាលពីយប់ថ្ងៃទី ៥​ ខែ មិថុនា ឆ្នាំ ២០១៩ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានបញ្ជាក់​ថា កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៩ មានការភ្ញាក់ផ្អើលមួយនៅក្នុងក្រុម​ ទី១២ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយប្រជាពលរដ្ឋបានប្រទះ​ឃើញសាកសពបុរ​ស​ម្នាក់អណ្តែតក្នុង ទឹកស្រះមួយកន្លែង ហើយបាន​រាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ។បន្ទាប់មក សមត្ថកិច្ចជំនាញចុះទៅពិនិត្យធ្វើកោសល្យវិច័យលើ​សាកសព​ និងស្រាវជ្រាវជំហានដំបូងទើបដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ិល សុខុម ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិប្រឡាយស្តៅ ឃុំតា​លាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មាន​មុខរបរ​មិនពិតប្រាដក និងមានស្លាកស្នាមរបួស​នៅផ្នែកក្បាលដោយអន្លើផង ។ ជាមួយនឹងការ​បាត់បង់ជីវិតនេះ ក៏បានដឹងផងដែរថា ទ្រព្យសម្បត្តិជាប់នឹងខ្លួនមួយចំនួន ដូចជាម៉ូតូ និងទូរស័ព្ទដៃជារបស់ជនរង គ្រោះក៏ត្រូវបាត់បង់​។ ចាប់​ផ្តើមពីចំណុចនេះ និងអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចនគរបាល​បើកការស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់រហូតកំណត់​បាននូវមុខសញ្ញាសង្ស័យ​ក្នុងករណីនេះ ។

ក្រោយ​ពេលធ្វើការកំណត់អំពីមុខសញ្ញាដែលពាក់ព័ន្ឋក្នុងករណី​នេះ លោកបានសហការ ធ្វើការ​ស្រាវជ្រាវលើ​ភូមិសាស្រ្តស្រុកចំនួន០៤គឺស្រុកមោងឫស្សី ស្រុករុក្ខគីរី ស្រុកគាស់ក្រឡ និងស្រុកសំឡូត ហើយ រហូតដល់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ ជនស័ង្សយត្រូវបានឃាត់​ខ្លួនក្នុងភូមិសាស្រ្តស្រុកគាស់ក្រឡ បន្ទាប់ពីពួក​គេគេចខ្លួនចូលដល់ភូមិសាស្រ្តស្រុកសំឡូតរួ​ច​មក ។
ជន​ស័ង្សយចំនួន០២នាក់នោះគឺ ៖
១-ឈ្មោះ ណែត សុបិន្ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិរកាឈ្មោល ឃុំគារស្រុក   មោងឫស្សី ខេត្តបាត់ដំបង ។
២-ឈ្មោះ ឯក ស៊ីណាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង  ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានសម្លាប់មិត្តភ័ក្តិរបស់ខ្លួនឈ្មោះ ម៉ិល  សុខុម  កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៩ ក្នុងពេលបបួលមកផឹក ស៊ីដើម្បី ប្លន់យកទ្រព្យសម្បត្តិពិតប្រាកដមែន។ក្នុងពេលនោះ​ពួកគេប្រើប្រាស់ញញួរនិងដែកវាយក្បាលសម្លាប់​ ហេីយ សែងទម្លាក់ចូលទឹកស្រះក្នុងភូមិក្បែរកន្លែងកើតហេតុមុនពេលពួកគេរត់គេចខ្លួនពីមូលដ្ឋាននេះ។
លោកឧត្តមសេនីយ៍ត្រីបន្តថា ប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ច ដកហូតបាន៖(ម៉ូតូចំនួន ០១គ្រឿង ដែល​ជារបស់ជនរងគ្រោះគឺម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៦ ទូរស័ព្ទដៃម៉ាកសាំស៊ុងចំនួន ២​គ្រឿង​ បន្ទះស្លាកលេខម៉ូតូចំនួន១មានលេខ… 1X-1539 ព្រមទាំងញញួរ​ ដែកនិងកាំបិតផង។

ជនសង័្សយទាំងពីរនាក់នេះកំពុងធ្វើការស្រាវជ្រាវបន្តដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលា​ដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here