ភ្ញៀវលាយថ្នាំជាមួយភេសជ្ជៈឲ្យនារីខារ៉ាអូខេម៉ីម៉ីផឹក ស្លាប់ម្នាក់ និងមានអាការៈធ្ងន់ធ្ងរ៣នាក់

0
34

ខេត្តកណ្ដាលៈ នារីបម្រើការងារនៅហាងខារ៉ាអូខេ យីហោ ម៉ីម៉ី ម្នាក់បានស្លាប់ ៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានភ្ញៀវមួយក្រុមមានគ្នា៥នាក់ លាយថ្នាំឲ្យផឹកជាមួយភេសជ្ជះ បានរយៈពេលប្រមាណ៥នាទី ។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ៧៧៧៧ នៃហាងខារ៉ាអូខេយីហោ ម៉ីម៉ី ស្ថិតក្នុងភូមិក្អមសំណរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្ដកណ្ដាល ។ ក្រោយពីមានហេតុការណ៍កើតឡើង ជនសង្ស័យ៤នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានគរបាលស្រុកលើកដែក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតានីតិវិធីច្បាប់ ។
នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ដដែលនេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ដកណ្ដាល សហការជាមួយសមត្ថកិច្ចនគរបាលស្រុកលើកដែក ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីច្បាប់ ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង បានចុះទៅពិនិត្យ នឹងស្រាវជ្រាវ នៅចំណុចទីតាំងកើតហេតុផងដែរ ។
ប្រភពពីសមត្ថកិច្ចនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យ៤នាក់ដែលត្រូវបានឃាត់ខ្លួន ទី១ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ ចន្រ្ដា វណ្ណៈ  ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទី៣ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទាំង៣នាក់នេះ ស្នាក់នៅតំបន់ច្រកទ្វារអន្ដរជាតិក្អមសំណរ ទី៤ឈ្មោះ វ៉ាន់ ជីវ័ន្ដ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ចំណែកឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនឈ្មោះ វណ្ណា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី ប្រចាំច្រកទ្វារអន្ដរជាតិក្អមសំណរ ។
ប្រភពដដែលបន្ដថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ អ៊ិច ចន្នី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រីឯ៣នាក់ទៀតរងរបួសនោះទី១ឈ្មោះ សន ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ ទី២ឈ្មោះ រ៉ា សំណាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទី៣ឈ្មោះ ជា សម្ភស្ស ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ។  ជនរងគ្រោះទាំង៤នាក់នេះ សុទ្ធសឹងជាបុគ្គលិក បម្រើការងារនៅហាងខារ៉ាអូខេយីហោម៉ីម៉ី បច្ចុប្បន្ន ស្នាក់នៅទីតាំងហាងនេះតែម្ដង ។
ប្រភពសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យមានគ្នា៥នាក់ខាងលើនេះ បានចូលទៅផឹកស៊ីនិងច្រៀងលេងកំសាន្ដនៅក្នុងហាងខារ៉ាអូខេយីហោម៉ីម៉ី ដោយចូលទៅក្នុងបន្ទប់លេខ៧៧៧៧ បន្ទាប់ពីផឹកស្រាស្រវឹងស្រឿងៗ ជនសង្ស័យទាំង៥នាក់ បានស្រុះស្រួលគ្នា យកថ្នាំប៉ុនម្រាមដៃចំនួន២ដប (សង្ស័យថ្នាំសម្រើប) ចាក់លាយជាមួយភេចសជ្ជះប៉ូវកំលាំងគោជល់ រួច បង្ខំឲ្យនារីរងគ្រោះទាំង៤នាក់ផឹក ។ បន្ទាប់ពីផឹកបានប្រមាណ៥ទៅ១០នាទី ស្រាប់តែក្រុមនារីរងគ្រោះ មានអក្ការៈខុសប្លែកពីធម្មតា ទើបបង្កឲ្យឆោឡោឡើង ដឹងដល់ម្ចាស់ហាងប្ដឹងសមត្ថកិច្ចឲ្យជួយអន្ដរាគមន៍ តែជាអកុសលនារីរងគ្រោះម្នាក់ ក្នុងចំណោមគ្នា៤នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណៈដែលនារីរងគ្រោះ៣នាក់ទៀត រងរបួសធ្ងន់ស្រាល ។
រហូតដល់រសៀលនេះ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាសវ និងសាកសួរជនសង្ស័យបន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែក នារីរងគ្រោះ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ រីឯសាកសពនារីរងគ្រោះម្នាក់ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here