ឃាត់ចិន៣នាក់នាំចូលលុយ៩០ ម៉ឺនដុល្លារខុសច្បាប់

0
7

ភ្នំពេញ ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០១៩​នេះ ​នគរបាល​អន្តោប្រវេសន៍ ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​០៣​នាក់ ក្រោយពី​ពួកគេ​នាំ​លុយ​ចូល​មក​ប្រទេស​កម្ពុជា​ចំនួន​៩០​ម៉ឺន​ដុល្លារ ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់ចូលមកកម្ពុជាខុសច្បាប់ ។

ជនជាតិ​ចិន​ដែល​ចាប់ខ្លួន​នោះ​រួមមាន ​៖ ទី​១-​ឈ្មោះ Huang Canming អាយុ​២៧​ឆ្នាំ​។ ទី​២-​ឈ្មោះ Yang Yongwei អាយុ​២៦​ឆ្នាំ ពួកគេ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន មក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​ជើងយន្ដហោះ​លេខ LQ971 និង​៣-​ឈ្មោះ Zizheng Zheng អាយុ​៣២​ឆ្នាំ (​ជា​អ្នក​មក​ចាំ​ទទួល​នៅ​ភ្នំពេញ)។

​សមត្ថកិច្ច​ឲ្យដឹងថា ក្រោយ​ធ្វើការ​ត្រួតពិនិត្យ ​​បាន​រកឃើញ​ក្រដាសប្រាក់​ដែល​ជនសង្ស័យ​ដាក់​ក្នុង​កាបូប​យួរ​ដៃ​ចំនួន​០៣ ដែល​មាន​ទឹកប្រាក់​សរុប​៩០​ម៉ឺន​ដុល្លារ ដោយ​អ្នកដំណើរ​មិនបាន​ប្រកាស​ជូនដំណឹង​ដល់​មន្ត្រី​គយ និង​រដ្ឋាករ លើ​លិខិត​រាយការណ៍​គយ​នោះឡើយ​។

ការ​នាំ​ចូល​ក្រដាសប្រាក់​ទាំង​នេះ​មាន​ចំនួន​ច្រើន មិន​មាន​ប្រភព​ច្បាស់លាស់ និង​មិន​បង្ហាញ​ពី​គោលដៅ​ច្បាស់លាស់​របស់​ប្រាក់ ទើប​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានសម្រេច​ឃាត់ខ្លួន​តែម្ដង។

នេះជាលើកទី២ ដែលសមត្ថកិច្ច​បង្ក្រាប​បទល្មើស​នាំ​លុយ​ដុល្លារ​ល្មើសច្បាប់ ចូល​កម្ពុជាដោយ​កាលពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០១៩ បង្ក្រាប​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ដោយ​ចាប់ខ្លួន​ជនជាតិ​កូរ៉េខាងត្បូង​០២​នាក់ រឹបអូស​យក​ប្រាក់​ដុល្លារ បាន​ជាង​២​លាន​ដុល្លារ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here