សមត្ថកិច្ចដុតឡានដឹកឈើ២គ្រឿងទៀតនៅស្រុកអូរយ៉ាងដាវ

0
9

ខេត្តរតនគិរី៖   គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយ នាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាន បានបើកប្រតិបត្តិការក្តៅគគុក ដោយបង្ក្រាបរថយន្ដឡង់គ្រីស័រកែច្នៃ ដឹកឈើចំនួន២គ្រឿងទៀតជាបន្ដបន្ទាប់នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី ខណៈរថួន្តទាំងនេះផ្ទុកឈើសរុបចំនួន៣៥ដុំ ស្មើនឹងជិត៦,០០០ម៉ែត្រគូប។

ប្រភពពីកម្លាំងសមត្ថកិច្ចចុះបង្រ្កាបបទល្មើសព្រៃឈើបានឲ្យដឹងនានៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ  ក្រោយបញ្ចប់ប្រតិបត្តិការទាំងពីរករណី រថយន្ដ ឡង់គ្រីស័រកែច្នៃទាំង២គ្រឿងនោះ ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។ ដោយឡែក វត្ថុតាងឈើពពូល និងឈើសុក្រំ ដែលដកហូតបានសមត្ថកិច្ច បានប្រគល់ជូន រដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីចាត់ការបន្ដតាមនីតិវិធី។

មេបញ្ជាការអាវុធហត្ថខេត្តរតនគិរីឧត្តមមសេនីយ៍ត្រី ថាវ យ៉េន បានប្រាប់ឲ្យដឹងដែរថា ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ ក្រុមការងារដឹកនាំដោយរូបលោកផ្ទាល់ និងលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តរនគិរី បានបញ្ជាកម្លាំងយករថយន្ត​ឡង់គ្រីស័រ​ច្នៃទាំង២គ្រឿងនេះមក ដុតបំផ្លាញចោលនៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយ​មាន​ការសាទរ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកអូរយ៉ាដាវ និងចាត់ទុកជាការព្រមាន​ដល់ឈ្មួញធំៗឯទៀត។ នេះជាការដុតបំផ្លាញរថយន្តបាន៦គ្រឿងហើយ បន្ទាប់ពីថ្ងៃបង្រ្កាបដំបូង សមត្ថកិច្ចដុតអស់៤គ្រឿងដែរនោះ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here