ក្រសួងដែនដីសម្រេចឲ្យរុះរើសំណង់អគារកម្ពស់៩ជាន់ ក្រោយរកឃើញសំណង់គ្មានគុណភាពនិងឲ្យអ្នកជិតខាងប្រុងប្រយ័ត្

0
12

ខេត្តព្រះសីហនុ ៖   តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសនៃក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត បានចុះត្រួតពិនិត្យការដ្ឋានសំណង់អគារពហុមុខងារកម្ពស់ ៩ជាន់មួយកន្លែងដោយរកឃើញថា សំណង់មួយនេះគ្មានលិខិតអនុញ្ញាតសាងសង់ និងគ្មានលិខិតអនុញ្ញាតបើកការដ្ឋាននោះទេ ពោលគឺអគារសាងសង់ខុសលក្ខណៈបច្ចេកទេសសំណង់ និងខុសនគរូបនីយកម្ម។

ក្នុងសេចក្តីប្រកាសឱ្យដឹងទៀតថា កាលពីថ្ងៃទី៨ ខែសីហា អគារនេះមានការស្រុតពី ៤០មិល្លីម៉ែត្រ ទៅ ៨០មិល្លីម៉ែត្រ ហើយនៅថ្ងៃទី០៩ ខែសីហានេះ នៅផ្នែកខាង កើតនៃអគារមានការស្រុតរហូតដល់ ៩មិល្លីម៉ែត្រ និងនៅផ្នែកខាងលិចនៃអគារ មានការស្រុតរហូតដល់ ២៨មិល្លីម៉ែត្រថែមទៀត និងបន្តស្រុតតទៅទៀត។ បន្ថែមពីលើនោះជញ្ជាំងជាន់ផ្ទាល់ដីនៃអគារ មានសភាពប្រេះច្រើនកន្លែង និងបន្តប្រេះថែមទៀតផងដែរ។

ក្នុងសេចក្តីប្រកាសនេះ បន្តថា បន្ទាប់ពីពិនិត្យមានហានិភ័យដូចខាងលើ និងដើម្បីធានាបាន នូវសន្តិសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គណៈកម្មការ ត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុបានស្នើទៅរដ្ឋបាលខេត្តព្រះសីហនុ ចាត់វិធានការផ្អាកការដ្ឋានសាងសង់ជាបន្ទាន់ ហាមស្នាក់នៅ ហាមការប្រើប្រាស់ សំណង់ ផ្អាកការប្រកបអាជីវកម្មគ្រប់ប្រភេទនៅក្នុងអគារ និងឱ្យមនុស្សចេញពីអគារទាំងអស់។

ក្រុមការងារក៏តម្រូវឲ្យរុះរើសំណង់នេះចេញព្រោះសំណង់នេះមិនមានសុវត្ថិភាព និងគុណភាពសមស្របតាមលក្ខណៈបច្ចេកទេសសំណង់។ ប្រជាពលរដ្ឋ ដែលរស់នៅជិតខាងជុំវិញអគារនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចាកចេញពីលំនៅដ្ឋានជាបន្ទាន់រហូតដល់មានការចាត់ចែងរួចរាល់ ជាស្ថាពរ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here