កម្មករសំណង់ម្នាក់ស្លាប់ដោយសារដាច់ខ្សែយោងម៉ូទ័រសង្កត់លើ

0
11

ខេត្តព្រះសីហនុ:  ពិតជាអកុសលណាស់ដែល កម្មករសំណង់ម្នាក់បានបាត់បង់ជីវិតដោយសារដាច់ខ្សែកាបយោងម៉ូទ័រពីលើអគារសាងសង់ថ្មី ជាន់ទី៣ ធ្លាក់សង្កត់មកលើ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។

ឧបទ្ទវហេតុនេះ កើតឡើងនៅវេលាម៉ោងប្រហែល ៨ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចការដ្ឋានសាងសង់អគារថ្មី (ពុំទាន់មានស្លាកយីហោ) នៅជិតផ្លូវពីគមនាគមន៍ចាស់ ទៅបុរីគុជអាស៊ី ស្ថិតក្នុងក្រុម១៣ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ។

មន្រី្តនគរបាលព្រហ្មទណ្ឌ ក្រុងព្រះសីហនុបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ យា ឡាត់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិប្រឹក្សា ឃុំកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ។ មុនពេលកើតហេតុជនរងគ្រោះបានឈរនៅជាន់ផ្ទាល់ដី ហើយបានបញ្ជាម៉ូទ័រយោងឥដ្ឋច្រើនដុំទៅកាន់ជាន់លើ ។ គ្រានោះចៃដន្យពេលយោង ដុំឥដ្ឋដល់ជាន់ទី២ ស្រាប់តែដាច់ខ្សែយោងធ្លាក់មកក្រោមសង្កត់ក្បាលជនរងគ្រោះស្លាប់ភ្ឡាមមួយរំពេច ។

សាកសព ត្រូវបានបញ្ជូនយកទៅរក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចម្ការចេក) ដើម្បីឲ្យសមត្ថកិច្ចជំនាញបច្ចេកទេស វិទ្យាសាស្ត្រ ត្រួតពិនិត្យ ធ្វើកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយឧបទ្ទវហេតុខាងលើប្រាកដមែនរួចប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here