ជនត្រូវចោទម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកពន្ធនាគារខេត្តកណ្តាល

0
19

ខេត្តកណ្ដាល: ជនត្រូវចោទម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននាវេលាម៉ោង ៤និង៥៥នាទីទៀបភ្លឺឈានចូលថ្ងៃ សុក្រ ១រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ទឹក ពន្ធនាគារខេត្តកណ្តាល។

បន្ទាប់ពីទទួលព័ត៌មាននេះភ្លាម កម្លាំង ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រខេត្តកណ្តាល បានចុះពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពជាជនត្រូវចោទ ក្នុងករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ប្រព្រឹត្តនៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា សាកសពឈ្មោះ ស្រ៊ីន ស្រៀន ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅ ភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ ហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា បន្ទាប់ពីពិនិត្យសាកសពដោយមានការចូលរួមពីលោកគ្រូពេទ្យ មន្ទីរពេទ្យបង្អែកជ័យជម្នះ ឃើញថា ជនត្រូវចោទរូបនេះបានចងកនឹងក្រមាក្រទ្បាការ៉ូពណ៌ក្រហម ស ចងជាប់នឹងបង្កាន់ដៃដែកស្នួរក្នុងបន្ទប់ទឹក នៃពន្ធនាគារ ដោយសាកសពមានស្នាមទ្រុឌជាំនៅលើបំពង់ក ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គល់ទេ ។
ក្រោយពិនិត្យសាកសពចប់សពជនត្រូវចោទរូបនេះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានឯឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ៕ អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here