ប៉ុនប៉ងរំលោភកូនស្រីគេដេកក្នុងមុងជាមួយម្តាយ ជនសង្ស័យប្រកែកថាគ្រាន់តែស្ទាបក្បាលសួរក្តៅខ្លួនឬអត់?

0
14

ខេត្តបន្ទាយមានជ័យ:  បុរសម្នាក់ត្រូវស្រ្តីចំណាស់ប្តឹងពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ដែល កំពុងដេកក្នុងមុងជាមួយ តែបុរសនោះប្រកែកថាមិនបានប៉ុនប៉ងរំលោភសេពសន្ថវៈស្អីនោះទេ គ្រាន់តែបើកមុងយកដៃស្ទាបក្បាលក្មេងស្រីរងគ្រោះសួរថាតើក្តៅខ្លួនដែរឬអត់? ដែលហេតុការណ៍នេះកើតឡើងនៅយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ វ៉ាន់ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិ/ឃុំនិងស្រុកកើតហេតុខាងលើ រួចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

 

យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ម.ភ ភេទ ស្រី អាយុ ៥២ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះឈ្មោះ ស.ស.ន ភេទ ស្រី អាយុ ១៧ឆ្នាំបានបំភ្លឺឲ្យដឹងថា នៅយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ គាត់និង កូនស្រី បានទៅលេងផ្ទះអ្នកជិតខាងដែល មានកម្មវិធីផឹកស៊ី ហើយជនសង្ស័យក៏នៅទីនោះដែរ ។លុះដល់ម៉ោងប្រមាណ ៩ និង ១៥នាទីយប់ គាត់បាននាំកូនស្រីមកចូលសម្រាកនៅផ្ទះរបស់ខ្លួនវិញ ដោយដេកក្នុងមុងជាមួយគ្នា រួមជាមួយនិងចៅ ០២នាក់ទៀតផង។ លុះដល់វេលាម៉ោង ០០ និង ១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៩គាត់បានឮសំឡេងកូនស្រីស្រែកក៏ស្ទុះទៅបើកភ្លើង ស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពរំលោភទៅលើកូនស្រី ទើបស្រែកឆោឡោឲ្យអ្នកជិតខាងជួយ។ពេល ឃើញដូច្នេះជនសង្ស័យក៏រត់គេចខ្លួនចេញពីផ្ទះបាត់ទៅ ហើយភ្លាមនោះក៏បានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតែម្តង ។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងករណីនេះភ្លាម កម្លាំងជំនាញកងរាជអាវុធហត្ថរបស់លោក បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនបានយកទៅសាកសួរ ។ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះពិតមែន តែគ្រាន់តែទៅសួរនាំអំពីកូនស្រីរបស់ជនរងគ្រោះ ដែលកំពុងមានជំងឺក្តៅខ្លួន ហើយខ្លួនក៏បានលូកដៃស្ទាបក្បាលតែប៉ុណ្ណោះ ។

ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍ជាក់ស្តែង និងយោងតាមការបំភ្លឺរបស់សាក្សី ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យខាងលើអាចត្រូវចោទពីបទ រំលោភលើលំនៅដ្ឋាន និងប៉ុនប៉ងរំលោភសេពសន្ថវ: ទើបកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here