ឃាត់ខ្លួនជនជាតិចិន៩នាក់លួចបើកសេវាកម្មបម្រើផ្លូវភេទកណ្តាលក្រុងកំពត

0
14

ខេត្តកំពត៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពត បានចុះបង្រ្កាបទីតាំងលួចបើកសេវាបម្រើផ្លូវភេទខុសច្បាប់ របស់ជនជាតិចិនមួយកន្លែង នៅក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត  កាលពីយប់ថ្ងៃ ចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយឃាត់ជនជាតិចិនចំនួន៩នាក់ក្នុងនោះមាន ស្រី៥នាក់ និងវត្ថុតាងខិត្តប័ណ្ណផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការរបស់សមត្ថកិច្ចនគរបាលខេត្តកំពតនេះធ្វើឡើង ស្ថិតក្រោមការសម្របសម្រួលពី លោក ខា ដែនណា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានធ្វើការស្រាវជ្រាវដឹងថា នៅចំណុចទីតាំងខាងលើ មានជនជាតិចិនមួយក្រុមបានប្រកបអាជីវកម្មខុសច្បាប់ដោយបើកសេវាកម្មបម្រើផ្លូវភេទ ទើបសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញាខេត្ត ចុះឆែកឆេរទីតាំងមួយនេះ និងឈានដល់ឃាត់ខ្លួនជនជាតិចិនចំនួន៩នាក់ក្នុងនោះមាន ស្រី៥នាក់ និងរឹបអូសវត្ថុតាងខិត្តប័ណ្ណផ្សព្វផ្សាយ ព្រមទាំងស្រោមអនាម័យមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៩នាក់រួចមក ជនទាំងនេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here