ឃាត់ខ្លួនចោរហេងស៊យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូបានសម្រេច

0
13

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះនិងសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ ព័ន្ធករណី លួច ម៉ូតូបានសម្រេច ។
ហេតុការណ៍កើតឡើងកាលពីវេលា ម៉ោង ០៩ និង ៣០ នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

ជនសង្ស័យមានឈ្មោះ ត្រឹក ប៉ុណ្ណារ៉ា អាយុ២៩ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក់ ហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញ 1HA-9569 ចេញពីម្ដុំស្ទឹងមានជ័យ គោលបំណងជិះឡើងផ្លូវ៣៧១ ប៉ុន្ដែមិនទាន់ដល់ផងជនរងគ្រោះឈប់បត់ជើងតូច ហើយមិនបានដកសោចេញ ស្រាប់តែពេលនោះជនសង្ស័យបានលួចឡើងជិះម៉ូតូគេចបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូ លុះដល់ម៉ោង១០ យប់ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួននៅម្ដុំផ្សារសឡា ក្នុងសង្កាត់ស្ទឹងមានជ័យ១ ក៏ដេញតាមឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍បឹងទំពុន យកមកសួរនាំតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយបដិសេធថា ខ្លួនមិនបានលួចម៉ូតូរបស់ជនរងគ្រោះទេ គឺខ្លួនបានដោះដូរម៉ូតូរបស់ខ្លួនជាមួយជនសង្ស័យម្នាក់ទៀតដោយថែមលុយឲ្យចំនួន៣០០ ដុល្លារទៀត ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ បញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here